ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្ននេះ អត្រាមានការងារធ្វើនៅកម្ពុជាមានរហូតដល់កម្រិត៩៩.៣% ស្មើនឹងប្រមាណជិត ១០ លាននាក់ ខណៈអត្រាគ្មានការងារធ្វើមានត្រឹមតែ០.៧%ប៉ុណ្ណោះ។
លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា ក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់ មានចំនួនជិត ១.៥ លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ចំនួនជាង ២.៤ លាននាក់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួនជាង៤ លាននាក់នៅក្នុងវិស័យកសិកម្ម ចំនួន ១.២ លាននាក់ធ្វើការនៅក្រៅប្រទេស និងចំនួនជាង០.៥ លាននាក់ជាមន្ត្រីសាធារណៈ។
ប៉ុន្តែទន្ទឹមនឹងនេះកក្តាកង្វះជំនាញច្បាស់លាស់បានធ្វើឲ្យយុវជនមួយចំនួនមានការលំបាកក្នុងការស្វែងរកការងារធ្វើផងដែរ។
យោងតាមលទ្ធផលពីអង្កេតនិយោជកស្តីពីកង្វះនិងគម្លាតជំនាញនៅក្នុងទីផ្សារការងារឆ្នាំ២០១៧បានឲ្យដឹងថា នៅក្នុងវិស័យសំខាន់ៗទាំង១០ នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និយោជក កំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន ដែលរួមមាន ៖ ១-វិស័យសណ្ឋាគារនិងការស្នាក់នៅ ២-ឡូជីស្ទីក និងការដឹកជញ្ជូន ៣-សុខាភិបាល ៤-អប់រំនិងបណ្តុះបណ្តាល ៥-កែច្នៃម្ហូបអាហារនិងភេសជ្ជៈ ៦-ហិរញ្ញវត្ថុនិងធានារ៉ាប់រង ៧-ព័ត៌មានវិទ្យា ៨-សំណង់ ៩-វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និង ១០-ផលិតកម្មកៅស៊ូ និងផ្លាស្ទីក។
លទ្ធផលពីការអង្កេតនេះ ក៏បានបង្ហាញថា កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មគឺបណ្តាលមកពី៖ បេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ, មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើស, កង្វះបទពិសោធន៍ការងារ, និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។
ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាត រួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
លើសពីនេះ លទ្ធផលអង្កេតក៏បានបង្ហាញឱ្យឃើញថា កម្មករនិយោជិតដែលកំពុងបំពេញការងារបច្ចុប្បន្នក៏ជួបប្រទះនូវគម្លាតជំនាញដែរ ពោលគឺមិនមានជំនាញគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការការងារនៃមុខតំណែងការងារដែលខ្លួនកំពុងធ្វើ។ ក្នុងចំណោមបញ្ហាដែលនាំឱ្យកើតមានឡើងនូវគម្លាតជំនាញនេះ គឺដោយសារកម្មករនិយោជិតទើបតែចូលកាន់មុខតំណែងការងារ និងការបណ្តុះបណ្តាលមិនត្រូវបានបញ្ចប់ពេញលេញ។
លោកបណ្ឌិតអ៊ិតសំហេងបានណែនាំឲ្យយុវជនសិក្សាជំនាញខ្ពស់និងថ្មីៗបន្ថែមទៀតដើម្បីឲ្យស្របទៅតាមទីផ្សារការងារបច្ចុប្បន្ននិងស្របទៅតាមការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។
ប្រភេទនៃមុខរបរនិងការងារដែលទីផ្សារមានតម្រូវការនោះ រួមមាន៖ វិស្វករឧស្សាហកម្មនិងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្ត្រ និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើងបំពង់ទុយោ និងបំពង់បង្ហូរ និងអ្នកដំឡើងម៉ាស៊ីនយានយន្ត។
ជារួម ឱកាសការងារល្អភាគច្រើនទាមទារឱ្យមានជំនាញមធ្យម និងខ្ពស់ ពិសេសអ្នកទទួលបានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្របច្ចេកទេស និងវិស្វករ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងរយៈពេលមួយអាណតិ្តចុងក្រោយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំធ្វើការកែទម្រង់ស៊ីជម្រៅលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនដើម្បីចូលរួមការគាំទ្រក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងតំបន់។
លោកបណ្ឌិតរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដែលផ្តោតអាទិភាពលើការពង្រឹងគុណភាព ការបង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌ ការលើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលគោលនយោបាយជាតិនេះ មានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត៕
Source: Kampuchea Thmey Daily
0 Comments