ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្ដេញប្រមុខអាជ្ញាធរផ្នែកកម្សាន្តរបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងនឹងការសម្តែងសៀកមួយ ដែលបង្ហាញអំពីស្ត្រីស្លៀកសំលៀកបំពាក់រឹបរាង។
ដោយដកស្រង់ព្រះរាជក្រឹត្យដោយគ្មានការផ្តល់ហេតុផល, ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត (SPA) បានរាយការណ៍ថា “លោក Ahmad al-Khatib ដែលជាប្រធានអាជ្ញាធរកម្សាន្តទូទៅរបស់អារ៉ាប៊ីសាអ៊ូឌីតត្រូវបានដកចេញពីតំណែងរបស់គាត់”។
គេហទំព័រព័ត៌មាន Sabq ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា លោក Khatib ត្រូវបានបណ្តេញចេញដោយសារការសម្តែងសៀកដ៏ចម្រូងចម្រាសនៅទីក្រុងរីយ៉ាដដែលរួមមានស្ត្រីស្លៀកពាក់ “ខោអាវមិនសមរម្យ”។
ខ្សែវីដេអូមួយដែលចែករំលែកលើបណ្តាញសង្គមបានបង្ហាញពីអ្នកសម្តែងស្រីម្នាក់នៅក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូកដ៏រឹបដែលបង្កឲ្យមានកំហឹងពីសំណាក់អ្នកអភិរក្សអារ៉ាប៊ីសាអ៊ូឌីត។
យ៉ាងណាក្តី មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយរបស់ AFP ទេ។
ការបណ្តេញចេញរបស់លោក Khatib គឺស្ថិតនៅចំកណ្តាលនៃការធ្វើសេរីភាវូបនីយកម្មដ៏ធំធេងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ដែលបានបញ្ចប់ការហាមឃាត់ជាច្រើនទសវត្សលើស្ត្រីបើកបរនិងចូលមើលកុនហើយបានអនុញ្ញាតឲ្យមានការប្រគំតន្ត្រីចម្រុះមួយចំនួន។
លោក Khatib បានដឹកនាំគំនិតផ្តួចផ្តើមទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្វែរប្រទេសវាលខ្សាច់ដ៏តឹងរ៉ឹងមួយនេះឲ្យទៅជាមជ្ឈមណ្ឌលវប្បធម៌និងកម្សាន្ត។
ប្រតិកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងអ្វីដែលត្រូវបានគេកំណត់យ៉ាងទូលំទូលាយតាមអ៊ីនធើណិតថាជា “សៀករបស់រុស្ស៊ី” មួយនេះគឺបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលព្រះមហាក្សត្រត្រូវដោះស្រាយខណៈពេលដែលទ្រង់ចង់ធ្វើទំនើបកម្មប្រទេសមួយនេះ។
រដ្ឋអភិរក្សសម្បូរប្រេងកាតមួយនេះមានការដាក់កម្រិតយ៉ាងតឹងតែងបំផុតនៅលើពិភពលោកលើស្ត្រីដែលត្រូវបានតម្រូវឲ្យស្លៀកពាក់រ៉ូបបិទខ្លួនប្រាណជិតនៅក្នុងទីសាធារណៈ។
កាលពីខែមេសា អាជ្ញាធរកីឡាអារ៉ាប៊ីសាអ៊ូឌីតបានបិទមជ្ឈមណ្ឌលកាយសម្បទាស្ត្រីមួយនៅទីក្រុងរីយ៉ាដដោយសារតែវីដេអូផ្សព្វផ្សាយមានភាពចម្រូងចម្រាសដែលបង្ហាញឲ្យឃើញស្ត្រីម្នាក់ស្លៀកសំលៀកបំពាក់ហាត់ប្រាណរឹងរាង៕ AFP
Source: Kampuchea Thmey Daily
0 Comments