Ad Code

គ្រូបង្វឹក​ណាហ្គា​វើ​ល រីករាយ​នឹង​ដណ្តើមបាន​កៅអី​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ឡើងវិញ



ក្រុម​ណាហ្គា​វើ​ល ដណ្តើមបាន​កៅអី​កំពូល​តារាង​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ឡើងវិញ ក្រោយ​ឆ្លងកាត់​១០​ប្រកួត​មកនេះ​រក​បាន​២៣ ពិន្ទុ​ច្រើន​ជាង​គេ ​ពោល​គឺ​ច្រើនជាង​ក្រុម​លេខ​២ បឹងកេត មាន​ត្រឹម​២២​ពិន្ទុ​។ ប្រកួត​ចុងក្រោយ​ថ្មីៗ​នេះ​ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ ១០​ទល់​១​។​

​លោក មាស ចាន់ណា គ្រូបង្វឹក​ប្រចាំ​ក្រុម​ណាហ្គា​វើ​ល បាន​លើកឡើងថា ​៖«​យើង​សប្បាយចិត្ត​ដោយសារ​ពួកគាត់​ធ្វើ​បានល្អ​ច្រើន​។ តាមពិត​មិនចាំបាច់​ឈ្នះ​ដល់​១០​គ្រាប់​ទេ ឈ្នះ​ត្រឹម​ពីរ​ឬ​បី​គ្រាប់​ក៏​យើង​សប្បាយចិត្ត​ដែរ ព្រោះ​ទី​១​យើង​បាន​ឡើង​លេខ​១​វិញ ទី​២​ពាក់ព័ន្ធ​ទម្រង់​លេង​របស់​កីឡាករ​យើង​។ វា​ជា​អ្វីដែល​យើង​សប្បាយចិត្ត​។ នៅ​ចុង​ម៉ោង​យើង​បាន​ប្ដូរ​ខ្សែការពារ​កណ្ដាល​បរទេស​ចេញ ដាក់​ខ្សែការពារ​ខ្មែរ​ជំនួស​ដើម្បី​មើលថា​គាត់​អាច​ធ្វើបាន​ក្នុង​កម្រិតណា​។ យើង​ធ្វើ​បានល្អ​នៅលើ​ទីលាន​ផង​និង​តេស្ដ​ប្រព័ន្ធ​ការពារ​កណ្ដាល​របស់​យើង​នៅ​ខាងក្រោម​ផង​»​។​

១០​ប្រកួត​មកនេះ​ណាហ្គា​វើ​ល បាន​យកឈ្នះ​លើ​ក្រុម​អគ្គីសនី​កម្ពុជា ៥​ទល់​១ ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣​ទល់​០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ១​ទល់​០ ឈ្នះ​អាស៊ី​អឺរ៉ុប ឈ្នះ​សូល​ទី​ឡូ​អង្គរ ៤​ទល់​១ ស្មើគ្នា​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​១ ឈ្នះ​ក្រសួងការពារជាតិ ២​ទល់​០ ចាញ់​វិសាខា ៣​ទល់​០ ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤​ទល់​២ និង​ឈ្នះ​វេ​ស្ទើ​ន ១០​ទល់​០​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​ណាហ្គា​វើ​ល ត្រូវ​ប៉ះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ បឹងកេត នៅវេលា​៦:៣០​នាទី​ល្ងាច​ថ្ងៃអាទិត្យ ទី​២៤ ខែ មិថុនា​ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។​

​គិត​ត្រឹម​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា ​ក្រុម​ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួលបាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣ ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​បើ​ក្រឡេកមើល​លទ្ធផល​កាលពី​រដូវ​កាល​ចាស់​របស់​ក្រុម​ណាហ្គា​វើ​ល បានបញ្ចប់​ទៅដោយ​ក្នុង​រដូវ​កាល​លី​គ​កំពូល​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ខណៈ​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ណាហ្គា​វើ​ល​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu