Ad Code

ទឹកភ្នែក​ឪពុកម្ដាយ! កូនប្រុស​ ត្រូវ​គេ​កាប់​ស្លាប់ ជនល្មើស​៥​នាក់​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព



កណ្ដាល ​៖ ​ឪពុកម្ដាយ រៀប​រាប់ទាំង​ទឹកភ្នែក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា កូនប្រុស​ត្រូវគេ​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​ តែ​ទីបំផុត​ជនល្មើស​៥​នាក់​ ដែល​ពាក់ព័ន្ធ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព។ ពួកគេ​ទាំងពីរ​នាក់​ក្នុងនាម​ដើមបណ្ដឹង ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ ជួយ​រក​យុត្តិធម៌ និង សូម​ឱ្យ​តុលាការ​ខេត្ត​កណ្ដាល ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់រហ័ស។

សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ បាន​សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣ ដែល​ធ្វើឱ្យ​ប្តី​ប្រពន្ធ ជាដើម​បណ្តឹង សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង។

​ឯកសារ​ទទួលបាន​បង្ហាញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២០៥ អ​.​ក ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ជនជាប់ចោទ​៥​នាក់ ៖ ទី​១៖​ឈ្មោះ​ផេង ណា​រ័ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នុំ​ដោល​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ​ខេត្ត​កំពុងចាម (​ក្រៅ​ឃុំ​) ទី​២៖​ឈ្មោះ​យ៊ិ​ន វាសនា ហៅ កែម វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នុំ​ដិ​ល ​ឃុំ​តាំង​ក្រាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​(​គេចខ្លួន​) ទី​៣ ៖​ ឈ្មោះ​ថាំង ម៉េង​ហួយ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​បែក ​ឃុំ​ឃុំ​សំបូ​ ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម (​ក្រៅ​ឃុំ​) ទី​៤៖​ឈ្មោះ​ឈុន រតនៈ ហៅ មឿ​ន ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ស្លែង​ ឃុំ​ជ្រៃវៀន ​ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម (​ក្រៅ​ឃុំ​) ទី​៥៖​ឈ្មោះ​ច​ន ភស្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​បែក​ពាង ​ឃុំ​ជាលា​ ស្រុក​បាធាយ ​ខេត្តកំពង់ចាម (​គេចខ្លួន)។

ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​"​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​"​ប្រព្រឹត្ត​នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ។ ជនរងគ្រោះ​ក្នុង​សំណុំ​រឿងនេះ​ ឈ្មោះ មឿ​ន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ។

លោក​សុខ វណ្ណ​នី និង ប្រពន្ធ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា កូនប្រុស​ត្រូវបាន​ក្រុម​ជនល្មើស​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ តែ​រហូត​មកទល់ពេលនេះ គ្មាន​ជនល្មើស​ណាមួយ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu