នាយកដ្ឋានកែប្រែបាននិយាយថា ប្រទេសថៃបានអនុវត្តន៍ការប្រហារជីវិតជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៩មកដោយបានសម្លាប់ឃាតកអាយុ២៦ឆ្នាំម្នាក់នៅក្នុងទង្វើមួយដែលត្រូវបានថ្កោលទោសដោយអង្គការលើកលែងទោសអន្តរជាតិ។
លោក Theerasak Longji ត្រូវបានប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់កាលពីថ្ងៃចន្ទដែលមានរយៈពេល៦ឆ្នាំបន្ទាប់ពីការកាត់ទោសរបស់គាត់។
ការស្លាប់របស់គាត់បានកើតឡើងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា ត្រៀមធ្វើដំណើរទៅចក្រភពអង់គ្លេសនិងបារាំងក្នុងដំណើរទស្សនកិច្ចផ្លូវការជាសាធារណៈ។
ប៉ុន្តែដំណើរទស្សនកិច្ចនេះទំនងជានឹងធ្វើឲ្យអតីតនាយទាហានរូបនេះប្រឈមនឹងសំណួរមិនល្អអំពីការប្រើប្រាស់ទោសប្រហារជីវិតក៏ដូចជាកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសថៃចាប់តាំងពីគាត់បានកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០១៥មក។
លោក Tawatchai Thaikaew លេខាអចិន្ត្រៃយ៍រងប្រចាំក្រសួងយុត្តិធម៌បានប្រាប់ AFP ថា “យើងនៅតែមានការកាត់ទោសប្រហារជីវិត យើងមិនទាន់បានលុបចោលវានៅឡើយទេ”។ លោកបានបន្ថែមថា ការប្រហារជីវិតកាលពីថ្ងៃចន្ទត្រូវបានអនុវត្តតាម “ច្បាប់”។
នាយកដ្ឋានកែប្រែរបស់ប្រទេសថៃបាននិយាយថា មនុស្សចំនួន៣២៥នាក់ត្រូវបានប្រហារជីវិតចាប់តាំងពីឆ្នាំ១៩៣៥មកដែលភាគច្រើនត្រូវបានប្រហារជីវិតដោយការបាញ់កាំភ្លើង។
ការប្រហារជីវិតនោះបានបញ្ចប់នៅថ្ងៃទី១១ខែធ្នូឆ្នាំ២០០៣។ នៅចន្លោះពេលនោះដល់ឆ្នាំ២០០៩ អ្នកទោស៦នាក់បន្ថែមទៀតត្រូវបានប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ដ៏សាហាវ។
នាយកដ្ឋាននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រហារជីវិតកាលពីថ្ងៃចន្ទគឺជាមេរៀនមួយដើម្បីរារាំងអ្នកណាដែលចង់ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរឬរំលោភច្បាប់។
នាយកដ្ឋានបាននិយាយទៀតថា លោក Theerasak បានចាក់សម្លាប់ជនរងគ្រោះរបស់គាត់ចំនួន២៤ដងមុនពេលលួចទូរស័ព្ទដៃនិងកាបូបលុយរបស់ពួកគេ។
តួលេខដែលបានផ្តល់ឲ្យអង្គការលើកលែងទោសអន្តរជាតិដោយក្រសួងយុតិ្តធម៌បានបង្ហាញថា មានមនុស្សចំនួន៥១០នាក់ដោយក្នុងនោះមានស្ត្រីចំនួន៩៤នាក់ផងដែរគឺបានជាប់ក្នុងទោសប្រហារជីវិតនៅចុងឆ្នាំមុន៕ AFP
Source: Kampuchea Thmey Daily
0 Comments