Ad Code

សមត្ថកិច្ច ​ឃាត់ខ្លួន​បុរស​២​នាក់​ ជាប់​សង្ស័យ​រឿង​លួច​រ៉ឺម៉ក​ម៉ូតូ​គេ​កាលពី​៣​ថ្ងៃមុន



ភ្នំពេញ ​៖​ បុរស​វ័យ​ចំណាស់​ចំនួន​២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ពីបទ សង្ស័យថា ជាប់​ពាក់ព័ន្ធ​ក្នុងការ​លួច​យក​រ៉ឺម៉ក​ម៉ូតូ គេ​កាលពី​៣​ថ្ងៃមុន នៅ​ខណ្ឌ​សែន​សុខ ហើយ​ក្រោយមក​ម្ចាស់​រ៉ឺម៉ក​ បាន​តាម​រក​ឃើញ​វិញ​នៅ​ក្នុង​ដៃ​ពួកគេ​ កំពុង​ប្រើប្រាស់​កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

លោក​ស្រ៊ុន ធុង អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ ជាដើម​បណ្តឹង​បាន​និយាយ​ថា​ ៖ កាលពី​យប់​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨ ​គាត់​បាន​ចត​រ៉ឺម៉ក​ម៉ូតូ​របស់​គាត់ ចាក់សោ​​ទុក​ត្រឹមត្រូវ​នៅមុខ​បន្ទប់​ផ្ទះ​របស់គាត់ ​នៅ​ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ លុះ​ពេលព្រឹក​ឡើង​វេលា​ម៉ោង​ប្រហែល​៧ ទើប​ដឹង​ថា រ៉ឺម៉ក​គាត់​ត្រូវគេ​លួច​បាត់ បន្ទាប់មក​ក៏បាន​ទៅប្តឹង​ប៉ូលិស​មូលដ្ឋាន អោយជួយ​អន្តរាគមន៍​។​

ជនរងគ្រោះ​បាន​បន្តថា គាត់​បាន​ព្យាយាម​ស្វែងរក​រហូតដល់​រសៀល​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ ទើប​ប្រទះឃើញ កន្ទុយ​រ៉ឺម៉ក​របស់​គាត់ ​ត្រូវបាន​គេ​កំពុងតែ​ប្រើប្រាស់​ ដោយ​បុរស​ម្នាក់​ឈ្មោះ អុន អាត អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។ លោក​បញ្ជាក់​ថា រ៉ឺម៉ក​របស់​គាត់​មាន​លេខ​ទូរស័ព្ទ​សម្ងាត់​នៅ​ភ្ជាប់​តួ​​កន្ទុយ​រ៉ឺម៉ក​នោះ ជា​ភស្តុតាង តែ​ម៉ូតូ​អូស​រ៉ឺម៉ក​ម៉ាក​វីវ៉ា​ពាក់​ស្លាក​លេខ​ខេត្ត​កណ្តាល 1B 6045 បាត់​មិន​ឃើញ​នៅ​ជាមួយ​កន្ទុយ​រ៉ឺម៉ក​ទេ។

នៅពេលនោះ​គាត់​ក៏បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​អោយមក​ឃាត់ខ្លួន​តែម្តង ព្រោះ​កាល​ពេល​បាត់​គាត់​បានដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ​។​

ប៉ូលិស​និយាយថា ​៖ ក្រោយពី​សួរនាំ​ជនង្ស័យ​ឈ្មោះ​អុន អាត នេះ​ គាត់​បាន​ឆ្លើយថា គាត់​មិនមែន​ចោរលួច​រ៉ឺម៉ក​នេះ​ទេ គឺ​គាត់​បាន​ទិញ​បន្ត​ពី​គេ​ម្នាក់​ឈ្មោះ​សាន សា​រិ​ទ្ឋ ហៅ​តា​ម៉ាប់ អាយុ​៥៧ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ​។​

ក្រោយមក ​ប៉ូលិស​ បាន​តាម​ចាប់ខ្លួន​ឈ្មោះ សាន សា​រិ​ទ្ឋ តាម​ការ​ចង្អុល​បង្ហាញ​របស់​ឈ្មោះ អុន អាត យក ​សួរនាំ​បន្ត​ទៀត​ ​ប៉ុន្តែ​ជនសង្ស័យ​ចុងក្រោយ​នេះ​មិន​សារភាព​ថា គាត់​ជា​អ្នក​លួច​នៅឡើយ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu