ល្បួងក្មេងស្រីអាយុ៧ឆ្នាំ រំលោភទាល់តែបានសម្រេច តែត្រូវចាប់ខ្លួន
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ធ្វើការចាប់ខ្លួនដោយយោងទៅលើពាក្យបណ្តឹង របស់ស្ត្រីជាម្តាយ បន្ទាប់ពីបុរសរូបនេះ បានល្បួងលួងលោមដើម្បីចាប់រំលោភកុមារីអាយុ៧ឆ្នាំ នៅនឹងផ្ទះរបស់ខ្លួនរហូតបានសម្រេច រួចមក។
ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០ ព្រឹក ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សូ ឌី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ កូយ ហ៊ួន អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នាបានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យថា បានចាប់បង្ខំរំលោភកូនស្រីរបស់ខ្លួន ដែលមានឈ្មោះ ស ណ ល ហៅ ឃ ដែលទើបតែមានអាយុ៧ឆ្នាំ រហូតបានសម្រេច ខណៈដែលកូនស្រីរបស់ខ្លួនបានដើរទៅលេងក្បែរផ្ទះជនសង្ស័យ។
លោក វរសេនីយ៍ឯក គឹមពន្លក អធិការនគរបាលស្រុក កំរៀង បានអោយដឹងថា បន្ទាប់ពី ទទួលបានពាក្យបណ្តឹងនេះរួចមក លោកបានចាត់កម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា នៅមុនពេលកើតហេតុ គឺខ្លួនបាននៅផ្ទះម្នាក់ឯង ដោយនៅពេលនោះដែរ ក្មេងស្រីបានដើរមកលេងក្បែរផ្ទះ ទើបខ្លួនក៏បានហៅក្មេងស្រីអោយចូលមកក្នុងផ្ទះ រួចក៏បានបង្ខំរួមភេទ ប៉ុន្តែមិនបានស៊ីជម្រៅនោះទេ ដោយគ្រាន់តែបានសម្រេច បើទោះបីជាក្មេងស្រីមានការរើបម្រះដោយការឈឺចាប់ក៏ដោយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាន រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ដោយឡែកកុមារីរងគ្រោះ ក៏បានបញ្ជូនទៅអង្គការពាក់ព័ន្ធ ក្នុងការពិនិត្យ និងធ្វើកោសល្យវិច័យផងដែរ៕
Source: Kampuchea Thmey Daily
0 Comments