ភ្នំពេញ ៖ កម្ពុជា បានសហការជាមួយភាគីថៃផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃបានចំនួន១លាន៧ម៉ឺននាក់ និងនៅសល់ប្រមាណ១ម៉ឺននាក់ទៀត គ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឲ្យពួកគេទទួលបាននូវការគាំពារផ្នែកផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗដូចពលករដទៃទៀតដែរ។
ការប្តេជ្ញារួមគ្នានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អាឌុល សាំងស៊ីងកែវ រដ្ឋមន្ត្រីក្រសួងការងារប្រទេសថៃកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នៅទីស្តីការក្រសួងការងារថៃ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ប្រទេសទាំងពីរបានផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរធ្វើការ និងស្នាក់នៅប្រទេសថៃបានចំនួន១លាន៧ម៉ឺននាក់ហើយ ក្នុងនោះបានបញ្ជាក់អត្តសញ្ញាណថ្មីដល់ពលករដែលមានប័ណ្ណស៊ីជម្ពូ ឬប័ណ្ណមិនមែនសញ្ជាតិថៃបានចំនួន៤២ម៉ឺននាក់ សម្រួលនិងផ្តល់ភាពស្របច្បាប់ដល់ពលករតាមរយៈMOUឬពលករមានវីសាពីស្ថានទូតថៃបានប្រមាណ៦៥ម៉ឺននាក់។
ចំណែកពលករប្រមាណ១ម៉ឺននាក់ទៀតដែលនៅមិនទាន់បានបញ្ជាក់អត្តសញ្ញាណភាគីទាំងពីរបានប្ដេជ្ញាថា នឹងផ្តល់ឲ្យបានរួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ខណៈយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានឹងបញ្ចប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ចំណែកលោកអានុរ៉ាក់ ធូសារ៉ាត់( Anurak Thossarat»មន្ត្រី នាយកដ្ឋានផ្នែកការងាររបស់ថៃ បានប្រាប់សារព័ត៌មានThe Nation កាលពីដើមខែមិថុនា ថា ការចុះឈ្មោះពលករបរទេសក្នុងប្រទេសថៃ នឹងមិនមានការពន្យារពេលតទៅទៀតទេ ហើយនៅក្រោយថ្ងៃទី៣០ ខែមិថុនា ពលករដែលធ្វើការខុសច្បាប់ ថៅកែរបស់ពួកគេនឹងប្រឈមនឹងការផាកពិន័យពីអាជ្ញាធរថៃក្រោមច្បាប់គ្រប់គ្រងពលករបរទេស ដែលបានវិសោធនកម្មកាលពីឆ្នាំ២០១៧កន្លងទៅ។
ចំពោះការបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ ការបន្តប័ណ្ណមិនមែនសញ្ជាតិថៃ(ប័ណ្ណពណ៌ស៊ីជម្ពូ) និងការស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារពីការិយាល័យច្រកចេញចូលតែមួយ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមិនមានការពន្យារពេលឡើយ។
ទោះបីជាយុទ្ធនាការនេះបានបញ្ចប់ក៏ដោយភាគីថៃបានយល់ព្រមអនុញ្ញាតឲ្យពលករខ្មែរដែលមិនទាន់មានឯកសារអាចត្រឡប់ទៅប្រទេសកម្ពុជាដើម្បីធ្វើឯកសារស្របច្បាប់ ហើយអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញជាពលករMOU។
លើសពីនេះទៀតភាគីថៃនឹងបន្តសហការជាមួយភាគីកម្ពុជាដោយទន់ភ្លន់ក្នុងករណីរកឃើញថាមានបងប្អូនពលករកម្ពុជាដែលមិនទាន់មានឯកសារឬបាត់ឯកសារដោយសហការជូនដំណឹងមកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃនិងទីប្រឹក្សាទទួលបន្ទុកពលករដើម្បីរួមគ្នាដោះស្រាយនិងចេញលិខិតបើកផ្លូវដើម្បីឲ្យពលករទាំងនោះអាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។
គួរបញ្ជាក់ថា ពលករបរទេស ដែលធ្វើការនៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាតនឹងត្រូវផាកពិន័យពី១៥៥ដុល្លារ ដល់១,៥៦០ដុល្លារ ហើយនឹងមិនអនុញ្ញាតឲ្យដាក់ពាក្យសុំធ្វើការរយៈពេល២ឆ្នាំ។ ចំណែកឯនិយោជករូបណា ដែលទទួលយកពលករបរទេសមកធ្វើការខុសច្បាប់នឹងត្រូវផាកពិន័យពី៣១២ដុល្លារ ដល់៣,១២០ដុល្លារ ក្នុងពលករម្នាក់៕
Source: Kampuchea Thmey Daily
0 Comments