ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយធនាគារឯកទេសWing បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកលើរថយន្តក្រុងសាធារណៈជាលើកដំបូង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ដែលពិធីនេះបានធ្វើឡើងក្រោមវត្តមានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង និងលោកគិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនាគារឯកទេសវីង។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សម្រាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។
លោកបន្តថា ការដែលប្រើប្រាស់កាតអេឡិចត្រូនិកនេះ គឺវាមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យអតិថិជន។
លោក អ៊ាន សុឃីម បញ្ជាក់ថា សម្រាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសម្រាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកម្ពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ដែលកាតលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សម្រាប់អ្នកដំណើរទូទៅ។
អគ្គនាយកធនាគារឯកទេសWing បានឲ្យដឹងថា កាតរថយន្តក្រុងសាធារណៈគឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូងដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវារថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញដោយគ្រាន់តែថេបកាត តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យារបស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះរថយន្តក្រុងសាធារណៈទាំង១៥៥គ្រឿងដោយពុំចាំបាច់ព្រួយបារម្ភពីរឿងមានសាច់ប្រាក់ក្នុងហោប៉ៅ និងរីករាយនឹងភាពបត់បែនជាច្រើនដែលផ្តល់ជូនតាមរយៈសេវាកម្មវីងនេះ។
លោកឃួង ស្រេង បានថ្លែងថា បច្ចុប្បន្ននេះសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងកំពុងដាក់ឲ្យដំណើរការក្នុងទីក្រុងចំនួន៨ខ្សែ មានរថយន្ត១៥៥គ្រឿងដែលកំពុងទទួលបានការពេញនិយមពីប្រជាពលរដ្ឋ និងងាកមកជិះឡានក្រុងកាន់តែច្រើនដែលមានចំនួនពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខដឹកនាំ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថាន,ចំណេញពេលវេលា និងមានផាសុកភាព។
ទន្ទឹមនឹងការអបអរសាទរការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធកាតវីងលើរថយន្តក្រុងនេះ លោកអភិបាលរាជធានីក៏បានកោតសរសើរដល់អ្នកបើកបររថយន្តក្រុង(City Bus)ដែលបានអនុវត្តក្រមសីលធម៍អ្នកបើកបរបានល្អប្រសើរ និងមិនបានទទួលប្រាក់ពីអ្នកដំណើរនោះឡើយ ហើយមកដល់ពេលនេះក៏មិនបានបង្កគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
លោកឃួង ស្រេង ក៏បានណែនាំឲ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ពិនិត្យមើលតម្រាយផ្លូវណា ដែលមានភាពមមាញឹកខ្លាំងគួរបន្ថែមរថយន្តដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ជួយពិនិត្យមើល និងសម្អាតតាមចំណតរថយន្តក្រុងឲ្យបានស្អាតជានិច្ច៕
Source: Kampuchea Thmey Daily
0 Comments