Ad Code

សម្តេច​តេ​ជោ ៖​ ការ​អភិវឌ្ឍ​កម្ពុជា​ឈាន​ដល់​ចំណុច​នេះ គឺ​មិនអាច​កាត់​ផ្តាច់​ពី​ការជួយ​របស់​ប្រទេស​ចិន​បានឡើយ



ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​ថា បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយទៀត ហើយ​ការ​អភិវឌ្ឍ​កម្ពុជា​ឈាន​មកដល់​ចំណុច​នេះ​គឺ​មិនអាច​កាត់ផ្តាច់​ពី​ការជួយ​របស់​ប្រទេស​ចិន​បានឡើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លៃ​ង​បែបនេះ​ទៅកាន់​លោកស្រី កៅ យ៉ាន (GAO Yan) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​១៩ ខែ មិថុនា នេះ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​របាយការណ៍​របស់​លោកស្រី កៅ យ៉ាន និង​បាន​យល់ស្រប​ទាំងស្រុង​និង​គាំទ្រ​លើ​អ្វីដែល​លោកស្រី​បានលើកឡើង​ផងដែរ​។ សម្តេច​តេ​ជោ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​ចំណុច​ថ្មី​មួយទៀត ហើយ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​មិនអាច​កាត់​ផ្តាច់​ពី​ជំនួយ​របស់​មិត្ត​ចិន​បានឡើយ។ ពិសេស​ជំនួយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ទំហំ​ពាណិជ្ជកម្ម បាន​កើនឡើង​លើស​ពី​អ្វី​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បាន​កំណត់ និង​ជំនួយ​ដទៃទៀត ដែល​នាំ​កម្ពុជា​ឈានដល់​កំរិត​នេះ។



ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន​ដែល​បាន​ជួយ​ដល់​កម្ពុជា សម្តេច​ក៏បាន​ជូនពរ​លោកស្រី​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ។

លោកស្រី កៅ យ៉ាន ក៏បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ដែល​លោកស្រី​បាន​មក​កម្ពុជា​ម្តងទៀត​ដោយ​លោកស្រី​សង្កេតឃើញថា ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​ជីវភាព​របស់​ប្រជាជន​។

លោកស្រី​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា លោកស្រី​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធ​មុនីរ​ត្ន័ ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ជួបពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​សក្តិ ផងដែរ​នៅ​ល្ងាច​នេះ។

លោកស្រី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​មកកាន់​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​រួច​មក​ហើយ។ ពិសេស​ដើម្បី​ពង្រីក​និង​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ពិសេស​ការ​តភ្ជាប់រ​វា​ង​ប្រជាជន​និង​ប្រជាជន ការ​តភ្ជាប់​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ការ ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ លើ​ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា និង ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​អនុវត្ត​ទំហំ​ពាណិជ្ជកម្ម ៥.០០០​លាន ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ហើយ​នៅពេលនេះ​កំពុងតែ​ជំរុញ​ឲ្យ​កាន់តែ​កើនឡើង​ថែមទៀត តាមរយៈ​ការរៀបចំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​កម្ពុជា​ក្នុង​ការ​រៀបចំ​តាំងពិព័រណ៍​នៅ​ប្រទេស​ចិន​លើ​វិស័យ​កសិកម្ម​និង​សេដ្ឋកិច្ច៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu