ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈរយៈពេលយូរឆ្នាំមកនោះ តារាសម្តែងប្រុសធ្លាប់មានឈ្មោះល្បីបោះសំឡេងអំឡុងទសវត្សឆ្នាំ១៩៩០ លោក ច័ន្ទរិទ្ធ មេធានី ពេលនេះ ត្រូវបានប្រភពទម្លាយយ៉ាងភ្ញាក់ផ្អើលថា តារាប្រុសរូបនេះ បានធ្លាក់ខ្លួនក្លាយជាអ្នករត់ម៉ូតូកង់បី ខណៈកន្លងមកធ្លាប់មានមហាជនមួយចំនួនសង្ស័យថាលោក ច័ន្ទរិទ្ធ មេធានី បានចេញទៅរស់នៅឯក្រៅប្រទេស។
ផ្អែកតាមម្ចាស់Account Facebook មានឈ្មោះថា ស្រីពៅ តាត បានលើកឡើងថា តារាភាពយន្តជើងចាស់ ដ៏ល្បីល្បាញគឺលោក ច័ន្ទរិទ្ធ មេធានីធ្លាក់ខ្លួនជាអ្នករត់ម៉ូតូកង់បី ចិញ្ចឹមគ្រួសារ ស្របពេលជាមួយ មហាជនជាច្រើនដែលស្គាល់លោក បានគិតថា ប្រហែលលោកទៅសោយសុខ នៅក្រៅប្រទេសបាត់ទៅហើយ។
ប្រភពបាននិយាយទៀតថា លោក ច័ន្ទរិទ្ធ មេធានី បានរៀបរាប់ថា លោកមានស្រុកកំណើតនៅ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានឪពុកឈ្មោះច័ន្ទ សំ ម្តាយឈ្មោះចិន សុំ។ លោកមានបងប្អូនបង្កើត ៩នាក់ឯណោះ។ ប៉ុន្តែបានស្លាប់ក្នុងរបបប៉ុល ពត ជិតអស់ នៅរស់តែរូបលោកម្នាក់ និងប្អូនប្រុសម្នាក់ទៀតប៉ុណ្ណោះ។
លោក ច័ន្ទរិទ្ធ មេធានី បានចូលប្រឡងក្នុងសិល្បៈ ក្នុងឆ្នាំ១៩៩៥តាមរយៈមិត្តភក្តិគឺលោក ខៃ ប្រសិទ្ធ ដោយគេមកហៅលោកទៅថតចម្រៀងកាយវិការ ខារ៉ាអូខេ ជាលើកដំបូង លុះឃើញថា រូបរាងមុខមាត់លោក ស៊ីកាមេរ៉ា ក៏មានផលិតកម្មនានា ទាក់ទងហៅថតភាពយន្តជាបន្តបន្ទាប់ រហូតល្បីឈ្មោះ។
ប្រភពបានបន្ថែមថា លោក ច័ន្ទរិទ្ធ មេធានី ជាតារាសម្ដែងដ៏ល្បីល្បាញ កាលពីជំនាន់ទសវត្សឆ្នាំ១៩៩០ ដោយលោកបានក្ដាប់តំណែង ជាតួឯករាប់រយរឿង និងភាគច្រើនជាតួទឹកភ្នែក គេធ្វើបាបមុខក្រោយ ប៉ុន្តែក្រោយមកលោក ក៏បានបាត់មុខសូន្យពីពិភពសិល្បៈ ដោយធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រគិតថា ប្រហែលលោកទៅរស់នៅ ក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ក៏ដូចជាអូស្ត្រាលី ជាដើម៕
Source: Kampuchea Thmey Daily
0 Comments