ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅវិមានសនិ្តភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និង គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនឥស្សរជនជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប។
ឥស្សរជនទាំង៨រូប ដែលព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរមងារវិទ្យាសាស្ត្រនិងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកបណ្ឌិត នេត បារ៉ុម , លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា, លោកកិត្តិបរិរក្សបណ្ឌិតគាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ,លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា,លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
នៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការសប្បាយរីករាយខ្លាំងដែលបានអញ្ជើញជាអធិបតី ក្នុងការប្រកាសគោរមងារ ដល់មន្ត្រីនៃរាជរដ្ឋាភិបាលនៅពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រីជាន់ខ្ពស់ចំនួន៨រូបដែលត្រូវបានព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី បានប្រោសប្រទានផ្តល់គោរមងារនាពេលនេះ។ សម្តេចតេជោបន្តថាតាមរយៈការផ្តល់គោរមងារនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិជាការជំរុញលើកទឹកចិត្តដល់ឥស្សរជនបញ្ញាជនជាតិដែលបានខិតខំក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍនិងរីកចម្រើនគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ចដែលមានអត្រាកំណើន ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ទន្ទឹមនិងមានសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជាក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការពន្លឿនពិពិតកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាពការប្រកួតប្រជែង ការបង្កើនផលិតភាពនិងតម្លៃបន្ថែម ទៅក្នុងប្រព័ន្ធសង្វាតម្លៃសកល និង បង្កើនភាពធន់នៃវិបត្តិដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ទោះបីសម្រេចបានបែបនេះក៏កម្ពុជានៅមានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួនដែលពិភពលោកកំពុងឋិតនៅក្នុងចរន្តសកលភាវូបនីយកម្ម ដែលវិវត្តន៍ទៅមុខយ៉ាងលឿនជាពិសេសផ្នែកបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ។ ការរីកចម្រើនប៉ូលនៃពិភពលោកការប្រមូលផ្ដុំនៃការរស់នៅទីក្រុងការប្រែប្រួលអាកាសធាតុ ភេរវកម្មការកើតឡើង នៃ សង្គ្រាមនៅតំបន់មួយចំនួនជាដើម។
ដូច្នេះដើម្បីឲ្យសង្គមជាតិរត់ទាន់សភាពការណ៍វិវត្តន៍នៃបច្ចេកវិទ្យា និង វិទ្យាសាស្ត្រការទាញយកការទាញយកប្រយោជន៍ពីប៉ូលអភិវឌ្ឍន៍ថ្មីការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនផលិតភាព ការពង្រឹងបាននូវសុខសន្តិភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជាចាំបាច់ត្រូវជំរុញឱ្យបានកាន់តែខ្លាំងឡើងលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រដើម្បីការឆ្ពោះទៅមុខរបស់កម្ពុជាធានាបានការដោះស្រាយបញ្ហាធំៗរបស់ជាតិជាមួយនឹងការរីកចំរើនប្រកបដោយចីរភាពនិងនិរន្តរភាព។
សម្តេចបានបន្តថា ការស្រាវជ្រាវវិស័យនេះនឹងនាំមកនូវការបង្កើតថ្មីសម្រាប់ការរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្លើយតបនឹងនិវាបនកម្មថ្មីក្នុងតំបន់និងពិភពលោកដែលកម្ពុជាត្រូវតែសកម្មជាងមុន និង ត្រូវដឹងជាមុននូវការវិវត្តនៃបញ្ហានិងការវិវត្តលើគ្រប់រូបភាពទាំងកម្រិតតំបន់និងពិភពលោក។ ជាពិសេសបញ្ហាដែលអាចជួបនឹងប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជានិងបុព្វហេតុបង្កើនផលប្រយោជន៍ជូនជាតិមាតុភូមិជាការពិតការសិក្សាស្រាវជ្រាវប្រកបដោយវិជ្ជាសាស្ដ្រនិងការស្រាវជ្រាវប្រកបដោយគុណធម៌គឺជាការតម្រូវការចាំបាច់បំផុតសម្រាប់កម្ពុជាហើយការស្រាវជ្រាវប្រជាសាស្ត្រគឺជាតួនាទីស្នូលរបស់រាជបណ្ឌិតសភាកម្ពុជា។
ក្នុងស្មារតីនេះ សម្តេចសង្ឃឹមថា គោរមវន្តដែលទទួលបានគោរមងារដ៏ថ្លៃវិសេសនេះនិងបញ្ញវន្តកម្ពុជាជាច្រើនរូបទៀតនៅទូទាំងប្រទេសនិងពួតដៃគ្នាបម្រើសង្គមរបស់យើងសំដៅបម្រើបានកម្ពុជាមួយមានសុខសន្តិភាពមានការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌មានកោសិកាផ្សារភ្ជាប់គ្នានិងមានប្រជាជនប្រកបដោយចំណេះដឹងនិងវប្បធម៌ជ្រៅជ្រះនិងមានជីវភាពរស់នៅសមប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិនិងក្រុមគ្រួសារ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា ឥស្សរជននិងបញ្ញាជនជាន់ខ្ពស់របស់ជាតិ ដែលជាគោរមវន្តទាំង៨រូប ដែលបានជ្រើសរើសចេញពីការបោះឆ្នោត និងការពិនិត្យវិនិច្ឆ័យដោយក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជានេះ នឹងរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្សនិងការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាឲ្យកាន់តែមានប្រសិទ្ធ ភពខ្ពស់ រស់រវើក និងមានសន្ទុះទ្វេឡើង ព្រមទាំងខិតខំសម្រេចឲ្យបាននូវស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកជូនអ្នកជំនាន់ក្រោយហើយដើរតួនាទីជាគំរូទាំងស្នាដៃ និងកិត្តិសព្ទដល់ឥស្សរជននិងបញ្ញាជនដទៃទៀត។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានគូសបញ្ជាក់ថា ការដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារដល់ឥស្សរជន និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានេះ បន្ទាប់ពីបានពិនិត្យឃើញថា ពួកគាត់សុទ្ធតែមានស្នាដៃធំធេងក្នុងបុព្វហេតុសង្គមជាតិ។ មន្ត្រីជាន់ខ្ពស់ទាំង៨រូបមានគុណបំណាច់ខុសៗគ្នាទៅតាមជំនាញរបស់ពួកគាត់។ ខាងក្រោមនេះ គឺជាគុណសម្បត្តិរបស់ពួកគាត់។
១. លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥស្សរជន មានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ ជាពិសេសលោកជាឥស្សរជនសំខាន់មួយរូប ដែលបានដឹកនាំអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណ៧% និងអាចធានាបានចក្ខុវិស័យនាពេលខាងមុខក្នុងគោលដៅជំរុញ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
២. លោកបណ្ឌិត នេត បារ៉ុម ជាសាស្ត្រ ចារ្យជាអ្នកវិទ្យាសាស្ត្រលេចធ្លោ និងជារៀមច្បងមួយរូបក្នុងការអប់រំ និងបណ្តុះបណ្តាលគ្រូនិងនិស្សិតក្នុងវិស័យគីមីដោយគិតចាប់តាំងពីឆ្នាំ១៩៧៩ រៀងរហូតមក។ សមត្ថភាព ស្នាដៃរបស់លោកមានការទទួលស្គាល់ក្នុងកម្រិតជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។
៣. លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាសាស្ត្រាចារ្យ ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ លោកបានរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបានស្រាវជ្រាវចងក្រងស្នាដៃជាច្រើនដែលមានតម្លៃសម្រាប់មន្ត្រីរាជការ,និស្សិត,បញ្ញវន្តនិងសាធារណជនទុកប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្ត។
៤. លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានរួមចំណែកដឹកនាំ និងអនុវត្តយ៉ាងសកម្មក្នុងវិស័យអប់រំ ក្នុងនាមជាអ្នកជំនាញ ដោយបានកាន់តំណែងជាបន្តបន្ទាប់ក្នុងក្រសួងអប់រំ យុវជន និងកីឡា តាំងពីថ្នាក់ប្រធាននាយកដ្ឋានរហូតបានបំពេញតួនាទីជារដ្ឋលេខាធិការ។
លោកបណ្ឌិតសភាចារ្យតែងបានផ្សារភ្ជាប់ការងារទៅនឹងគ្រូបង្រៀនគ្រប់កម្រិតជាប់ជាប្រចាំ ដោយយកការងារផ្តល់កិត្តិយសនិងតម្លៃគ្រូបង្រៀនជាស្នូល ព្រោះថា គ្រូបង្រៀនជាវិស្វករព្រលឹងជាតិ និងបានខិតខំកៀរគរជំនួយគាំទ្រដល់វិស័យអប់រំ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយរក្សាខ្ជាប់នូវភាពជាម្ចាស់ក្នុងការបំពេញភារកិច្ច។
៥. លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាឥស្សរជនជាតិដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ការងារយ៉ាងទូលំទូលាយ។ រហូតមកដល់បច្ចុប្បន្ននេះ ឯកឧត្ដមធ្លាប់បានបម្រើការងារជាគ្រូបង្រៀន ពីមន្ត្រីសាមញ្ញ មកជាថ្នាក់ដឹកនាំ ជាព្រឹទ្ធាចារ្យ ជាឥស្សរជនគំរូសម្រាប់មន្ត្រីរាជការ មានរយៈពេលជាង៥៩ឆ្នាំ មកហើយ។ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានបំពេញភារកិច្ច មានគុណបំណាច់ និងស្នាដៃជាច្រើនក្នុងការដឹកនាំ គ្រប់គ្រង និងថែរក្សាឧត្តមប្រយោជន៍ជាតិលើវិស័យជាច្រើន ដែលមានការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ អន្តរជាតិ និងអន្តររដ្ឋាភិបាលនានា។
៦. លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ជាឥស្សរជនជាតិជាន់ខ្ពស់មួយរូប ដែលបានបំពេញភារកិច្ចជូនមាតុភូមិដោយមិនខ្លាចនឿយហត់ចាប់តាំងពីឆ្នាំ១៩៧៨ មក ដោយតាំងចិត្តយ៉ាងមោះមុត ម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកាន់ខ្ជាប់ចរិតមហាជន ដែលជាអត្តសញ្ញាណកូនកសិករ ខិតខំបំពេញការងារលើផ្នែកសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌ និងខិតខំបំពេញការងារឲ្យបានសម្រេចមិនរាថយជូនប្រទេសជាតិនិងប្រជាជន។
៧. លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបម្រើការងារជូនប្រទេសជាតិ អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ ដោយសារសមត្ថភាពការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចដ៏មោះមុត ឯកឧត្តមបានទទួលមុខតំណែងសំខាន់ៗជាបន្តបន្ទាប់នៅក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន លោកកិត្តិនីតិកោសលបណ្ឌិត បានដឹកនាំនិងអនុវត្តយ៉ាងសកម្មក្នុងវិស័យច្បាប់ ក្នុងឋានៈជាតំណែងជាតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសព្វថ្ងៃជាឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាល។
៨. លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាប់ពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០១៣ ហើយចាប់ពីឆ្នាំ២០១៣ មក ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, បានរួមចំណែក និងសាងសមិទ្ធផលជាច្រើនពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងសិប្បកម្ម។ សមិទ្ធផលដ៏លេចធ្លោមួយក្នុងវិស័យពាណិជ្ជកម្ម គឺលោកកិត្តិសេដ្ឋាបណ្ឌិតបានដឹកនាំអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដោយជោគជ័យ ហើយធ្វើឲ្យប្រទេសកម្ពុជាបានទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។
បើតាមលោកបណ្ឌិតសុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តជ្រើសរើសឥស្សរជននិងបញ្ញាជនបន្ថែមទៀត ដែលមានស្នាដៃស្រាវជ្រាវឆ្នើមនិងមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីផ្តល់ជូនគោរមងារទាំងផ្នែកវិទ្យាសាស្ត្រនិងកិតិ្តយស ឲ្យបានស័ក្តិសមទៅនឹងការខិតខំប្រឹងប្រែងនិងពលីកម្មក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចការរបស់សង្គមជាតិ៕
Source: Kampuchea Thmey Daily
0 Comments