កែប ៖ នៅព្រឹកថ្ងៃអង្គារ៧កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តបើកទូលាយក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពទូទាំងខេត្ត។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ គឺពិនិត្យពិភាក្សាលើ របាយការណ៍បូកសរុបប្រចាំខែឧសភា ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងលើកទិសដៅសម្រាប់អនុវត្តបន្តបន្ទាប់ទៀត។
តាមរបាយការណ៍របស់លោកព្រំ គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប បានបញ្ជាក់ថា ចាប់ពីដើមខែឧសភា រហូតមកទល់ពេលនេះរដ្ឋបាលខេត្តបានអនុវត្តការងារទទួលបានផ្លែផ្កាគួរជាទីមោទនៈ ពិសេសផ្នែកសន្តិសុខសង្គម។
លោកកែន សត្ថា ជាប្រធានក្នុងកិច្ចប្រជុំនេះ បានលើកឡើងផងដែរថា ដើម្បីធ្វើឲ្យការងារទទួលបានជោគជ័យ រដ្ឋបាលខេត្តត្រូវពឹងផ្អែកទាំងស្រុង លើកិច្ចសហការយ៉ាងស្អិតល្មួត រវាងមន្ទីរអង្គភាពជុំវិញខេត្ត។ ដូច្នេះស្ថាប័នមន្ទីរទាំងអស់ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនធ្វើយ៉ាងណាឲ្យកិច្ចការរបស់យើងទទួលបានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះដែរ លោក កែន សត្ថា ក៏បានជំរុញដល់មន្ទីរអង្គភាពក្នុងខេត្តកែបទាំងអស់ ត្រូវត្រៀមលក្ខណៈជាស្រេច ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ ដោយតម្រូវឲ្យមន្ទីរអង្គភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវតែបំពេញការងារឲ្យបានខ្ជាប់ខ្ជួន ពោលគឺស្ថាប័នទាំងអស់ត្រូវតែមានមុខនៅអង្គភាពរបស់ខ្លួនជានិច្ច។
អង្គប្រជុំបានបញ្ចប់ ក្រោយពីមតិផ្តាំផ្ញើរបស់ លោក កែន សត្ថា អភិបាលខេត្តនិងជាប្រធានអង្គប្រជុំ៕
Source: Kampuchea Thmey Daily
0 Comments