Ad Code

ក្រសួងសុខាភិបាល ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្តាសាយធំ



ភ្នំពេញ ​៖ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្តាសាយធំ​នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ ​បើ​ទោះបី​ជា​ជំងឺ​នេះ​ នៅ​មិនទាន់មាន​ផ្ទុះ​ក្នុង​ទំហំ​ធំ​ក៏ដោយ។

ការណែនាំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានទទួល​របាយការណ៍​ពី​ការកើនឡើង​នៃ​ជំងឺ​ផ្តាសាយធំ ដោយសារតែ រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់ ដែលមាន​ឆ្លង​ជំងឺ​ផ្តាសាយធំ​។

យោងតាម​គេហទំព័រ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ដែ​ល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨ ​បាន​ឲ្យ​ដឹង​ថា ​នា​ពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ទទួល​របាយ​ការ​ណ៍​ពី​ការ​កើនឡើង​នៃ​ជំងឺ​ផ្តាសាយធំ និង​ម្យ៉ាងវិញទៀត រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់ ដែល​ជា​រដូវ​មាន​ឆ្លង​ជំងឺ​ផ្តាសាយធំ​ក្នុង​ប្រទេស​យើង តែ​នាយកដ្ឋាន​ពុំទាន់​រកឃើញ​ការផ្ទុះ​ជំងឺ​នេះ​ទំហំ​ធំ​នៅ​ប្រទេស​យើង​នៅឡើយ​ទេ​តែ​ទោះជា​យ៉ាងណា​នាយកដ្ឋាន សូម​បងប្អូន​ចូលរួម​ប្រុងប្រយ័ត្ន​បង្ការ​ការឆ្លង​ជំងឺ​ផ្តាសាយធំ​នេះ។

តាម​ការសិក្សា ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង រកឃើញ​ថា ក្នុង​ប្រទេស​យើង​នៅក្នុង​រដូវភ្លៀង​ជា​រដូវ​ដែល​មាន​ឆ្លង​ជំងឺ​ផ្តាសាយធំ​ច្រើន ដែល​បង្កឡើង​ដោយ​មេរោគ​ផ្តាសាយ (Seasonal Influenza: H1N1, H3N2, H2N2, Influenza B & C) ដូច្នេះ​សូម​បងប្អូន​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ចម្លងជំងឺ​ផ្តាសាយធំ​នេះ។

ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ជំងឺ​ផ្តាសាយធំ​រួមមាន គ្រុនក្តៅ​លើសពី ៣៨.៥​អង្សា​សេ និង​មាន​ក្អក ឫ​ឈឺ​ក និង​ករណី​ខ្លះ​អាច​វិ​វត្ត​ន៍​ទៅ​ហត់។

ចំពោះ​ការ​ព្យាបាល​គឺ ប្រើ​ថ្នាំ​បញ្ចុះ​កំដៅ ផឹកទឹក​ឲ្យ​បាន​ច្រើន គេង​លក់​ស្កប់ស្កល់ កាត់បន្ថយ​ការហាត់​ប្រាណ ហូប​អាហារ​សំបូរ​ជីវជាតិ​ជាពិសេស វីតាមីន​សេ ការប្រើ​ថ្នាំ​ផ្សះ​គ្មាន​ប្រសិទ្ធភាព សម្លាប់​មេរោគ​នេះ​ទេ ថែមទាំង​សុខភាព​ទ្រុឌទ្រោម និង​មិន​ងាយ​ជា​ពី​ជំងឺ​ផ្តា​យ​ទៀត​ផង។

បើ​ការ​ព្យាបាល​៣​ថ្ងៃ​មិន​ធូរស្រាល ឫ​វិ​វត្តន៍​ទៅជា​ហត់​ខ្លាំង សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ យើង​មាន​ឱសថ​សម្រាប់​ព្យាបាល​សម្លាប់​មេរោគ​ផ្តាសាយធំ។

ចំពោះ​ព័ត៌មាន​បន្ថែម ឬ​រាយ​ការ​ណ៍​ជំងឺ​គ្រុនក្តៅ​ច្រើន​ក្នុងភូមិ ក្នុង​សាលា ឬ​កន្លែងធ្វើការ សូម​ទាក់ទង​លេខ 115 ដោយ​មិន​គិតថ្លៃ​ពី​គ្រប់​ប្រ​ព័​ន្ធ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu