ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនទាន់ចូលមកដល់ផង មានក្រុមជនលំអៀងផ្នែកនយោបាយ វាយតម្លៃរួចជាស្រេចទៅហើយ ដោយយោងទៅលើតែបញ្ហាមួយ គឺគ្មានអតីតបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចោលទៅហើយនោះ មិនបានចូលរួមការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងបែបនេះ តាមរយៈសារអេឡិកត្រូកនិកតេឡេក្រាម កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ លោកលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅមិនទាន់ឈានមកដល់នៅឡើយ ប៉ុន្តែក្រុមជនលំអៀងខាងនយោបាយបានវាយតម្លៃការបោះឆ្នោតទុកជាមុន ដូចជាការទស្សន៍ទាយទុកជាមុនប្រកបដោយមនោគតិ មិនផ្សារភ្ជាប់ នឹងការពិតជាក់ស្តែងឡើយ គឺអង្គការមិនមែនរដ្ឋាភិបាលមួយ បានទស្សន៍ទាយថា ការបោះឆ្នោតមិនសេរីត្រឹមត្រូវ និងយុត្តិធម៌ មិនត្រឹមត្រូវ ដោយសារគ្មានអតីតបក្សប្រឆាំងចូលរួម។
តាមលោក សុខ ឥសាន ដោយសារតែបញ្ហានេះ ពួកអគតិមួយចំនួននៅក្រៅប្រទេស បាននាំគ្នាធ្វើបាតុកម្មប្រឆាំងប្រទេសជប៉ុន មិនឲ្យប្រទេសជប៉ុនផ្តល់ជំនួយមកឲ្យ គ.ជ.ប ដែលជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកអតីតបក្សប្រឆាំង និងឧទ្ទាមក្រៅស្រុកមួយចំនួនបាននាំគ្នាឃោសនាមិនឲ្យប្រជាជនកម្ពុជាទៅបោះឆ្នោត តាមពាក្យស្លោកដេកផ្ទះឈ្នះឯង។ ម្យ៉ាងទៀតពួកគេខិតខំបំប៉ោងសភាពការណ៍នៅក្នុងប្រទេស ដូចជារឿងដីធ្លី ការរត់ពន្ធ ការកាប់ឈើអនាធិបតេយ្យ គ្រឿងញៀន ការបំផ្លាញធនធានធម្មជាតិជាដើម ដោយពង្រីកឲ្យធំ ដើម្បីឲ្យប្រជាជនកម្ពុជាយល់ច្រឡំ ហើយដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ចង់ឲ្យថយសំឡេងឆ្នោត។ ក៏ប៉ុន្តែរាល់ឧបាយកលពិសពុលទាំងប៉ុន្មានរបស់ពួកចង់បំផ្លាញការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ មិនអាចទទួលជោគជ័យទេ ពីព្រោះប្រជាជនកម្ពុជាបានដឹង និងស្គាល់មុខអស់ហើយ។
លោក សុខ ឥសាន អះអាងថា ប្រជាជនកម្ពុជា នឹងគោរពប្រតិបត្តិតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ ដែលអំពាវនាវឲ្យប្រជានុរាស្ត្ររបស់ព្រះអង្គអញ្ជើញទៅបោះឆ្នោត។ ដូច្នេះឧបាយកលរបស់ពួកអគតិទាំងក្នុង និងក្រៅប្រទេស ប្រាកដជា នឹងទទួលបរាជ័យយ៉ាងអាម៉ាស់ជាមិនខាន៕
Source: Kampuchea Thmey Daily
0 Comments