Ad Code

ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី គ្រោង​ពង្រីក​ការហោះហើរ​ត្រង់​មក​កម្ពុជា



ភ្នំពេញ ​៖ ការបញ្ជាក់​ពី​គម្រោង​ពង្រីក​ជើង​ហើរ​ត្រង់​មក​កម្ពុជា​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក H.E. Mr. SUDIRMAN Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ថ្មី​ប្រចាំ​កម្ពុជា ដែល​បាន​ចូលជួប​សម្តែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ​ចំពោះ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០១៩-២០២០ ដែលមាន​រយៈពេល​២​ឆ្នាំ ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ចូល​រួម​យ៉ាងសកម្ម​ក្នុង​ដំណើរ​ការ​រក​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​។

នៅក្នុង​ជំនួប​នោះ​ដែរ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​របស់លោក ដែល​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​កម្ពុជា ដឹង​បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​ឥណ្ឌូនេស៊ី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ​ជា​បេក្ខភាព​ឥណ្ឌូនេស៊ី​ជា​សមាជិក​មិនអាច​ចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​២​ឆ្នាំ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្មីៗ​នេះ​។

ឆ្លើយតប​នឹង​ការ​អញ្ជើញ​របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​សុំ​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍​មក​ចូលរួម​សង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ លោក​ឯកអគ្គរដ្ឋទូត​បាន​អះអាង​ថា នឹង​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍​ចំនួន​២​ក្រុម មក​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដែល​ក្រុម​មួយ​ដឹកនាំ​ដោយ​ឥស្សរជន​ជាន់ខ្ពស់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្រុម​មួយទៀត​ដឹកនាំ​ដោយ​អ្នកការទូត​ជាន់ខ្ពស់​របស់​ឥណ្ឌូនេស៊ី​។

តាម​លោក ជុំ សុន្ទរី នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​បញ្ហា​ជាច្រើន​នៅក្នុង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជម្រាប​ជូន​លោក​ឯកអគ្គរដ្ឋទូត​អំពី​សេចក្តី​សម្រេច​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួលយក​ការអញ្ជើញ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងការ​ចូលរួម​ជួបជុំ​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​នឹង​ធ្វើឡើង នៅ​ខែតុលា​ខាងមុខ នាទី​ក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។



ទាក់ទង​បញ្ហា​ពាណិជ្ជកម្ម លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកើនឡើង​នូវ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​ក៏បាន​ចាប់អារម្មណ៍​អំពី​អតុល្យភាព​នៃ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ហើយ​នោះ​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មាន​បំណង​ជំរុញ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

ទាក់ទង​បញ្ហា​ទេសចរណ៍ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា អំពី​រិះរក​វិធី ដើម្បី​ពង្រីក​បន្ថែម​ទៀត នូវ​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍ ហើយ​លើ​ចំណុច​នេះ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​បំណងប្រាថ្នា​របស់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ការបើក​ស្នាក់ការ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា នាពេលខាងមុខ ដើម្បី​សិក្សា​ពី​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ស្វាគមន៍​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​នេះ​ផងដែរ ហើយ​លោក​អះអាងថា នឹង​ខិតខំ​សម្របសម្រួល ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​បាន​ដំណើរការ ហើយ​ឈានទៅដល់​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។

ដោយឡែក​ទាក់ទង​បញ្ហា​អប់រំ លោក​ទេសរដ្ឋមន្ត្រី​ប្រាក់​សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​កន្លងមក​បានផ្ដល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា ដែលមាន​២៣៤ កន្លែង​ដល់​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu