ឆ្លងកាត់១០ប្រកួតមកនេះក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រុមភ្នំពេញក្រោន កំពុងឈរចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២ ក្រោយប្រកួតឈ្នះបាន ៤លើក ស្មើគ្នា៣លើក និងចាញ់៣លើក ស្របពេលប្រធានក្រុមគឺកីឡាករ អ៊ុក សុធី បានសម្លឹងឃើញពីចំណុចខ្សោយរបស់ក្រុមនៅតំបន់ប្រយុទ្ធ។
កីឡាករដែលមានរហស្សនាម Messi បានលើកឡើងថា ក្រុមរបស់ខ្លួនមានបញ្ហាមួយចំនួនទាក់ទងនឹងការបញ្ចប់ទី។ ខ្សែបម្រើកណ្តាលរូបនេះបានលើកឡើងថា «ក្រុមរបស់យើងលេងមានការយល់ចិត្តគ្នាបានល្អ ប៉ុន្តែការបញ្ចប់ទីរបស់យើងនៅមានកម្រិត ដូចជាពេលខ្លះយើងមានឱកាសតែយើងមិនមានលទ្ធភាពក្នុងការទាត់បញ្ចូលទីគូប្រកួតបាន»។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានប្តេជ្ញាចិត្តថាគេនឹងខិតខំកែប្រែចំនុចខ្វះខាត ហើយព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីជួយក្រុមនាពេលប្រកួតក្រោយៗ ដែលនៅសល់។
១០ប្រកួតមកនេះរបស់ក្រុមជើងឯក៦សម័យកាលលីគកំពូលកម្ពុជាភ្នំពេញក្រោន បានឈ្នះសូលទីឡូអង្គរ ១ទល់០ ហើយឈ្នះក្រុមក្រសួងការពារជាតិ ២ទល់០ តែស្មើជាមួយវិសាខា ០ទល់០ ចាញ់ណាហ្គាវើល ១ទល់០ ចាញ់ព្រះខ័នរាជស្វាយរៀង ៦ទល់៣ ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៤ទល់០ ស្មើគ្នាជាមួយអាស៊ីអឺរ៉ុប១ទល់១ ឈ្នះវេស្ទើនភ្នំពេញ ១ទល់០ ចាញ់បឹងកេត ៣ទល់២ និងចុងក្រោយស្មើគ្នាជាមួយអគ្គីសនីកម្ពុជា ០ទល់០។
កីឡាករ អ៊ុក សុធី គឺជាកីឡាករជើងចាស់មួយរូបក្នុងក្រុម ដែលបានចូលរួមជាមួយក្លិបតាំងពីខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ព្រមទាំងធ្លាប់បានជួយក្រុមឲ្យបានឈ្នះពានលីគកំពូលកម្ពុជា នាឆ្នាំ២០១៤ ប៉ុន្តែបានអវត្តមាននាឆ្នាំ២០១៥ បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរួចមក។
សូមបញ្ជាក់ថា កីឡាករដែលអ្នកគាំទ្រនិយមហៅថាMessi រូបនេះតាំងតែពីពេលដែលគេប្រកបអាជីពបាល់ទាត់ក្នុងក្រុមបាល់ទាត់ម៉ូតូហោះ (ក្រុមមិនអាជីព) និងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា នាអំឡុងពេលយុវវ័យមកម្ល៉េះ។
ចំណែកក្រុមភ្នំពេញក្រោន វិញនៅរដូវកាលឆ្នាំ២០១៨ នេះហាក់នៅឆ្ងាយពីឱកាសប្រជែងនៅជើងឯកលីគកំពូលកម្ពុជាណាស់បើធៀបនឹងក្រុមណាហ្គាវើល ឈរកំពូលតារាង មាន២៥ពិន្ទុ និងក្រុមលេខ២បឹងកេត ដែលមាន២៤ពិន្ទុ។ ក្រុមនេះក្រោមការដឹកនាំរបស់លោក Sean Sainsbury ជាគ្រូបង្វឹកជនជាតិអង់គ្លេស សំបូរទៅដោយកីឡាករវ័យក្មេងច្រើនអមដោយកីឡាករបរទេសដែលមានសមត្ថភាព។
សម្រាប់ប្រកួតបន្ទាប់ក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីប៉ះជាមួយម្ចាស់ផ្ទះអង្គរថាយហ្គឺរ វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments