ភ្នំពេញ ៖ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២៧ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ទឹកដីអង្គរ ពីថ្ងៃទី១៣ ដល់ទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាប្រធាន គណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃសភាអាស៊ី ប៉ាស៊ីហ្វិក រសៀលថ្ងៃទី១៩ មិថុនានេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង និងផ្នែកពាក់ព័ន្ធនានា ដោយក្នុងកិច្ចប្រជុំនេះលោកបណ្ឌិត បានជំរុញឲ្យមានកិច្ចសហការខ្ពស់ពីបណ្តាក្រសួង និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឲ្យ ការប្រជុំដ៏មានសារសំខាន់ខាងលើទទួល បានជោគជ័យ ដើម្បីមុខមាត់របស់កម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។
សូមជម្រាបជូនថា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាសមាជិកពេញសិទ្ធិនៃវេទិកា សភានេះកាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនេះមានសមាជិកចំនួន ២៧ប្រទេស។ វេទិកានេះតែងមានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិកផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធាន។ កាលពីឆ្នាំ២០១៧ ប្រទេសវៀតណាមធ្វើ ជាប្រធាននៃកិច្ចប្រជុំលើកទី២៦ នៃវេទិកានេះ៕
Source: Kampuchea Thmey Daily
0 Comments