ភ្នំពេញ ៖ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នឹងក្លាយជាទីតាំងពិព័រណ៍អឺរ៉ុប(EuroFair) ដំបូងគេបង្អស់គ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឧបត្ថម្ភដោយ ក្រុមហ៊ុន Cambodia Airports និងទទួលការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មជាតិនៃបណ្ដាប្រទេសនៅអឺរ៉ុបនិងសមាគមធុរកិច្ចចំនួនប្រាំនៅកម្ពុជាផងដែរ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានប្រាប់ឲ្យដឹងថា ” វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់យើងក្នុងការរៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះនៅប្រទេសកម្ពុជា។ នេះជាពិព័រណ៍ពាណិជ្ជកម្មលើកទីមួយដែលដាក់តាំងផលិតផលល្បីៗនិងសេវាកម្មល្អៗមកពីអឺរ៉ុប ជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឲ្យបានស្គាល់។ ព្រឹត្តិការណ៍ដូចជា ពិព័រណ៍អឺរ៉ុប (EuroFair) នេះ ពិតជាជួយបង្កើតចំណងដ៏ល្អរវាង អឺរ៉ុបនិងកម្ពុជា ហើយក៏ផ្តល់នូវឱកាសពិសេសដើម្បីរៀនសូត្រ កសាងទំនាក់ទំនង និងពង្រីកខ្សែបណ្ដាញ បង្កើតមិត្តភក្តិ ស្គាល់អតិថិជន និងកសាងដៃគូអាជីវកម្មផងដែរ។ ពិព័រណ៍អឺរ៉ុប (EuroFair) នឹងក្លាយជាព្រឹត្តិការណ៍ និងពិព័រណ៍ដំបូងគេនៅប្រទេសកម្ពុជា ជួយជំរុញបណ្ដូរពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប។
រហូតមកដល់ពេលនេះ មានប្រមាណជា៤០ក្រុមហ៊ុន មកពីអឺរ៉ុបបានចុះឈ្មោះចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួន ហើយយើងសង្ឃឹមថា មានក្រុមហ៊ុនផ្សេងទៀតនឹងមកចូលរួមផងដែរ។ ក្រុមហ៊ុនដែលបានចុះឈ្មោះហើយ នឹងតាំងផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។ ម៉ាកល្បីៗ ជាច្រើនដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth ក៏មានវត្តមានដែរ ជាមួយនឹងការផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសៗ និងសកម្មភាពកម្សាន្តជាច្រើន ជូនអ្នកចូលរួមទស្សនា។ ទីតាំងអាហារដ្ឋានមួយនឹងត្រូវរៀបចំឡើងដើម្បីផ្តល់អាហារនិងភេសជ្ជៈបែបអឺរ៉ុបឆ្ងាញ់ពិសារជូនអ្នកទស្សនាផងដែរ។
លោក Aurelio Flacco ប្រធានរបស់សភាពាណិជ្ជកម្មអ៊ីតាលី ទើបត្រូវបានបង្កើតថ្មី និងជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយសម្រាប់កម្ពុជា និងជាឱកាសដ៏អស្ចារ្យមួយសម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក ដែលអាចស្វែងយល់បន្ថែមអំពីគុណភាពនៃទំនិញ និង សេវាកម្មដែលក្រុមហ៊ុនអឺរ៉ុបយកមកបង្ហាញជូន។ លោកបានបន្តថា “យើងនាំផលិតផលអ៊ីតាលីដ៏ល្អបំផុតដូចជា គ្រឿងសង្ហារឹម និង ផលិតផលប្រណីតៗ សម្រាប់តុបតែងក្នុងគេហដ្ឋានមានគុណភាពខ្ពស់ ដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដើម្បីផ្គត់ផ្គង់វិស័យសំណង់ដែលកំពុងរីកលូតលាស់ នេះគឺជាអ្វីដែលយើងនឹងបង្ហាញជូនក្នុងពិព័រណ៍នេះ”។
កម្មវិធីនេះនឹងបើកឲ្យមហាជនចូលទស្សនាដោយសេរី។ ពិធីសម្ពោធបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមិថុនា វេលាម៉ោង៩ព្រឹក នៅកោះពេជ្រ អគារ K និង L៕
Source: Kampuchea Thmey Daily
0 Comments