Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា នឹង​រៀបចំ​គោលការណ៍​មួយចំនួន​ទាក់ទង​នឹង​ថ្លៃ​ប្រេង​នៅ​កម្ពុជា និង​សិក្សា​ពី​ការ​ទម្លាក់​ថ្លៃ​អគ្គិសនី​ផង​ដែរ​



ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ចេញ​នូវ​គោលការណ៍​មួយចំនួន​ទាក់ទង​នឹង​ថ្លៃ​ប្រេង​នៅ​កម្ពុជា ដើម្បី​បាន​កាត់បន្ថយ​ផល​ប៉ះពាល់​ដែល​ទាក់ទង​ទៅនឹង​ការឡើង​ថ្លៃ​ប្រេង។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា បញ្ហា​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើងថ្លៃ​ដែល​ពេលនេះ​វា​ក៏មាន​ផលប៉ះពាល់​ដល់​កម្ពុជា។



សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ ​នៅក្នុង​ពិធី​ប្រកាស​គោរមងារ​ជូន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចំនួន ៨ រូប នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មិថុនា នេះ​នៅ​វិមាន​សន្តិភាព។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា “​បញ្ហា​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើងថ្លៃ ដែល​ពេលនេះ​វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​យើង ហើយ​ឥឡូវ​ការសិក្សា​ខ្ញុំ​នឹង​យក​ថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ នឹង ប្រកាស​ចេញ​នូវ​គោលការណ៍​មួយចំនួន​ពាក់ព័ន្ធ​ជាមួយ​ថ្លៃ​ប្រេង​នៅក្នុង​ស្រុក​របស់​យើង ដើម្បី​បាន​កាត់បន្ថយ​ផល​ប៉ះពាល់​ដែល​ផ្តើម​ចេញ​អំពី​បញ្ហា​ការ​ឡើង​ថ្លៃ​ប្រេង ដោយសារ​ការកាត់បន្ថយ​ចំនួន​ផលិត​របស់​អង្គការ OPEC ចំណុច​ទាំង​អស់​នេះ វា​មាន​ផលប៉ះពាល់​សម្រាប់​យើង​”។

គួរ​បញ្ជាក់ថា តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ប្រេងសាំង​ស៊ូ​ពែរ មួយ​លីត្រ​ថ្លៃ ៤៥០០ រៀល ,​សាំង​ធម្មតា ១ លីត្រ ៤២០០ រៀល និង ប្រេងម៉ាស៊ូត ៤០០០ រៀល។

​នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នឹង​សិក្សា​អំពី​ការទម្លាក់​ថ្លៃ​អគ្គិសនី​សម្រាប់​ប្រជាជន​ប្រើប្រាស់​ផងដែរ និង សម្រាប់​ទាក់ទាញ ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ទាមទារ​នូវ​ការសិក្សា​ស្រាវជ្រាវ។



បញ្ហា​នេះ ត្រូវ​បាន​គណៈកម្មការ​សិក្សា​គោលនយោបាយ​សេដ្ឋកិច្ច ដែល​ដឹកនាំ​ដោយ​លោក អូន​ព័ន្ធ មុនី​រ័ត្ន បាន​សិក្សា​មួយ​ជំហាន​ហើយ ហើយ​សម្តេច​នឹង​ប្រើប្រាស់​គោលនយោបាយ​នេះ​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៦ នៅពេល​ខាងមុខ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា សភាពការណ៍​ថ្មី​កំពុង​ស្ថិតនៅ​ចំពោះមុខ​យើង​នោះ​គឺ សង្គ្រាម​ពាណិជ្ជកម្ម កំពុង​ផ្ទុះឡើង​យ៉ាង​ពេញទំហឹង ដែល​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​អាចឈាន​ចូលដល់​ការអនុវត្ត​ហើយ ជា​លើកដំបូង​នៃ​ប្រទេស​អភិវឌ្ឍន៍​ទាំង ៧ (G7) ដែលមាន​ការប្រឈមមុខ​ដាក់គ្នា នោះ​ទាក់ទង​ជាមួយ​ការប្រជុំ​នៅ​កាណាដា​ដែល​សហរដ្ឋ​អា​មេ​រិច​ហាក់ដូចជា​បែកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​ទាំង ៦ ផ្សេងទៀត​។ ប៉ុន្តែ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​ប៉ុណ្ណោះ​ទេ ជម្លោះ​ពាណិជ្ជកម្ម ក៏បាន​កើតឡើង​រវាង​ចិន​និង​អាមេរិក​ដែល​ផ្ដើម​ដោយ​សហរដ្ឋ​អា​មេ​រិក ប៉ុន្តែ ម៉ិច​ស៊ិ​ច​ដែល​នៅ​ក្បែរ​ខាង​អាមេរិក​រួម​ជា​មួយ​ប្រទេស​ឥណ្ឌា​ដែល​នឹងធ្វើ​ការឆ្លើយតប​នៅពេល​ខាងមុខ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា បញ្ហា​នេះ តើ​វា​មាន​ផល​ប៉ះពាល់​យ៉ាងណា​សម្រាប់​យើង ហើយ​ផល​ប៉ះពាល់​យ៉ាងណា​សម្រាប់​តំបន់​របស់​យើង និង​កំណើនសេដ្ឋកិច្ច​សកល​ដែល​បញ្ហា​នោះ​វា​មិន​អនុគ្រោះ​ឲ្យ​អ្នកណា​ទាំងអស់។ វា​ក៏​ជា​ល្បែង តែ​ខ្ញុំ​អាច​ប្រមើល​មើលថា វា​ជា​ល្បែង​ចាញ់ ចាញ់ មួយ​នៅលើ​ពិភពលោក ប្រសិនបើ​មិន​មាន​ការកែតម្រូវ​ណាមួយ​នៅក្នុង​ល្បែង​ដ៏​មាន​គ្រោះថ្នាក់​ស្តីពី​សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ។ ដូច្នេះ​ទាមទារ​ឲ្យ​បញ្ញវន្ត​របស់​យើង​សិក្សា​ស្រាវជ្រាវ​អំពី​លទ្ធភាព​កើតមាន​បែបនេះ លទ្ធភាព​កើតមាន​បែប​នោះ​ដែលមាន​លទ្ធភាព​ច្រើន​ដែល​អាច​ដាក់ចេញ ដែល​ក្នុងនោះ ជម្រើស​គោលនយោបាយ​របស់​យើង​អាច​ត្រូវ​ឆ្លើយតប​ទៅនឹង​បរិបទ​នីមួយៗ​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា នេះ​ជា​បញ្ហា​មិនតូច​តាច​ទេ ទោះបី​បញ្ហា​ឧបទ្វីប​កូរ៉េ​ត្រូវបាន​ធូរស្រាល ។ ប៉ុន្តែ​បញ្ហា​សកល​បាន​កើតឡើង ហើយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​សេដ្ឋកិច្ច​នៅក្នុង​តំបន់​របស់​យើង ការ​ដំឡើង​ពន្ធ​នានា​អ្នក​ដែល​រងគ្រោះ​ចុងក្រោយ​គេ​គឺជា​អ្នកប្រើប្រាស់​ទាំង​នោះ​ឯង។ ដូចនេះ ចំណុច​នោះ​យើង​ត្រូវ​ប្រមើមើល​អំពី​ផលប៉ះពាល់​នានា​ចំពោះ​យើង ហើយ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​របៀប​ណា រួម​ទាំង​បញ្ហា​បច្ចុប្បន្ន យើង​កំពុង​បាន​សិក្សា និង​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​នៃ​ការប្រកួតប្រជែង​របស់​យើង ទៅលើ​ការទាក់ទាញ​វិនិយោគ​ដែល​ក្នុងនោះ​យើង​ក៏បាន​ឃើញ​ហើយ​អំពី​បញ្ហា​តម្លៃ​អគ្គិសនី​របស់​កម្ពុជា​ដែល​មាននៅ​ខ្ពស់​នៅឡើយ ដែល​ទាមទារ​ឲ្យ​យើង​មានការ​សិក្សា​មួយ​ម៉ត់ចត់​ដើម្បី​ឈានទៅដល់​ការទម្លាក់​ថ្លៃ​អគ្គិសនី​សម្រាប់​ប្រជាជន​ប្រើប្រាស់​ផង​និង​សម្រាប់​ទាក់ទាញ​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ទាមទារ​នូវ​ការសិក្សា​ស្រាវជ្រាវ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​អំពី​តួនាទី​របស់​រាជបណ្ឌិត្យ​សភា​របស់​យើង​ដែល​ត្រូវ​ការធ្វើ​ការសិក្សា​ស្រាវជ្រាវ ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សុំ​ផ្ដល់​កិច្ចការ​អាទិភាព​ដែល​ត្រូវ​សិក្សា​បន្ទាន់ៗ​នៅ​ចំពោះមុខ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ទ្រី បាន​សុំ​ឲ្យ​បញ្ញវ័ន្ត​របស់​យើង​ដែល​ទទួល​គោរមងារ​នៅថ្ងៃនេះ ក៏ដូចជា​បញ្ញវន្ត​ផ្សេងទៀត​និង​ខិតខំ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​ផ្ដល់នូវ​ធាតុ​ចូល​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ននេះ ហើយ​វា​មិនមែន​គ្រាន់តែ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ទើបនឹង​កើត​នោះទេ ក៏ប៉ុន្តែ​សង្គ្រាម​ដែល​វា​បាន​កើនឡើង​ឆាប់ៗ​នៅក្នុង​តំបន់​ខ្លះ​នៅ​ទូទាំង​ពិភពលោក​។ បញ្ហា​ភេរវកម្ម បញ្ហា​ប្រែប្រួល​អាកាសធាតុ​សុទ្ធតែ​ជា​បញ្ហា​ប្រធានបទ​ដែល​ត្រូវ​បាន​ត្រូវខិតខំ​រក​វិធី​ដោះស្រាយ​ក្នុង​ក្របខណ្ឌ ទាំង​នៅក្នុង​ប្រទេស​របស់​យើង​ផង និង​នៅក្នុង​តំបន់​ផងដែរ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu