Ad Code

ភ្ញៀវ​ទេសចរ ​សុំ​ឲ្យ​សហគមន៍​បុរី​អូរ​ស្វាយ​ពង្រឹង​គុណភាព វិស័យ​ទេសចរ​ណ៍



ស្ទឹងត្រែង ៖ តំបន់​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ក្នុង​ខេត្តស្ទឹងត្រែង ​ដែល​ភ្ញៀវ​គាំទ្រ​ទៅលេង​កម្សាន្ត តំបន់​រាម​សារ​តាម​ដង​ទន្លេមេគង្គ ធ្វើដំណើរ​តាម​ទូក តែ​ពួកគាត់​សុំ​ឲ្យ​សហគមន៍​រៀបចំ​សេវាកម្ម​ជូន​ភ្ញៀវ​ឲ្យ​បាន​ប្រសើរ​ឡើង​ជាង​នេះ​ ដើម្បី​ភាព​ភាព​ទាក់ទាញ​ភ្ញៀវ​។

ក្នុង​ដំណើរ​មក​កម្សាន្ត​តំបន់​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ លោកស្រី​ឆាយ​ឈា​លីន​ប្រធាន​សមាគម ​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា ​តំបន់​រាម​សារ​នេះ​មាន​ទេសភាព​ល្អ​សម្រាប់​ទស្សនា ពី​ទេសភាព​ធនធាន​ជីវចំរុះ នៅ​តាម​ទន្លេមេគង្គ តែ​ការរៀបចំ​សេវា​ដឹកជញ្ជូន​ផ្លូវទឹក​ទូក​តូចៗ អាចធ្វើ​ឲ្យ​ភ្ញៀវ​ភ័យខ្លាច​នៅ​រដូវ​ទឹក​ឡើង​មាន​ទឹក​ហូរ​ខ្លាំង​។



លោកស្រី​បញ្ជាក់​ថា ការ​មិន​ទាន់​យកចិត្តទុកដាក់​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ប្រសិនបើ​ភ្ញៀវ​ទេសចរ​មកលេង​សប្បាយ ដូចនេះ​សូម​ឲ្យ​សហគមន៍​រៀប​សេវាកម្ម​ដឹកជញ្ជូន​ឲ្យ​បាន​ប្រសើរ​ឡើង​ជាង​នេះ សម្រាប់​ទូក​ដឹក​ភ្ញៀវ​ទេសចរ​កែ​លម្អ ដូចជា​ដំបូល​ឲ្យ​មាន​ភាព​ទាក់ទាញ និង​អាច​ពង្រឹង​ទៅលើ​អនាម័យ ពីលើ​នឹង​ទៀត។



លោក​យេន ​មី ​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ បាន​ទទួលយក​ការណែនាំ​នេះ​ព្រោះ​កិច្ចការ​ទាំងនេះ​បាន លើក​កម្ពស់​វិស័យ​ទេសចរ​ណ៍​ក្នុងស្រុក មាន​ប្រយោជន៍​ច្រើន ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​នេះ​រកបាន​ប្រាក់ចំណូល​ផង និង​ធ្វើ​ឲ្យ​ភ្ញៀវ​ពេញចិត្ត​មកលេង​ម្តង​ហើយ ចង់​មក​ម្តងទៀត។

លោក​អ៊​ន ​ប៉ា​សឿន​ ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បាន​បញ្ជាក់ថា មន្ទីរ​ធ្លាប់​បាន​ណែនាំ​សហគមន៍​ឲ្យ​រៀបចំ​សេវាកម្ម​ទេសចរ​ណ៍​ឲ្យ​បាន​ល្អ ទាំង​ការ​ដឹកជញ្ជូន​ភ្ញៀវ​តាម​ទូក តូប​អង្គុយ​កម្សាន្ត ម្ហូបអាហារ​មាន​អនាម័យ តម្លៃ​សមរម្យ ជារឿយៗ​រួចមកហើយ​ដែរ។



លោក​អះអាង​ថា ​នឹង​ជួយ​ណែនាំ​ឲ្យ​មន្ត្រី​សហគមន៍​និង​អ្នក​សហការ​នៅ​ទី​នេះ បន្ថែម​ទៀត​ឲ្យ ពិនិត្យ​រៀបចំ​ឡើងវិញ ឲ្យ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​មក​មាន​អាវ​ពោង​ឲ្យ​គ្រប់គ្នា​ទូក​នីមួយៗ​ ត្រូវ​មាន​អ្នកជំនាញ​បើកបរ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​ខេត្តស្ទឹងត្រែង។

សូម​បញ្ជាក់​ថា ខេត្តស្ទឹងត្រែង​មន្ទីរ​ទេសចរណ៍​គ្រោង​ដាក់​តំបន់​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​នេះ​ធ្វើជា​គំរូ​ចូលរួម​ប្រកួតប្រជែង​ប្រឡងប្រណាំង​ក្នុង​សហគមន៍​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu