ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យ ក្រុមហ៊ុន ធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ដំណើរការនាំចូល និងផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មឡើងវិញ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
ការអនុញាតឲ្យ ដំណើរការ លក់និង នាំចូល ថ្នាំកសិកម្ម ធ្វើឡើង បន្ទាប់ពីក្រសួងកសិកម្មប្រកាសផ្អាក ក្រោយពីមានករណីពុល ប្រជាពលរដ្ឋនៅ ភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ដែលសង្ស័យលើការប្រើប្រាស់ថ្នាំ កសិកម្ម ខុសច្បាប់បណ្តាលឲ្យមនុស្ស ១៣នាក់បានស្លាប់និង ប្រមាណជា២០០នាក់ទៀតបានជួយសង្គ្រោះបានទាន់ពេល។
យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ បានចាត់ឱ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ចុះធ្វើការស្រាវជ្រាវ និងណែនាំដល់បណ្តាក្រុមហ៊ុន និងដេប៉ូផ្គត់ផ្គង់ចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់អនុវត្ត ឱ្យបានត្រឹមត្រូវតាមវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងប្រើប្រាស់ថ្នាំកសិកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការ ណែនាំដូចខាងក្រោម ៖ ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ដំណើរការនាំចូល និងផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មឡើងវិញ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។ ២ ៖ អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការ នៅមាត់ច្រកព្រំដែនអន្តរជាតិ ច្រកទ្វេភាគី ច្រករបៀង និងច្រកចេញចូលផ្សេងៗទៀត មានសមត្ថកិច្ចជួយសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មឱ្យបានល្អប្រសើរ និងជួយទប់ស្កាត់នូវករណីរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
៣៖ នាយកដ្ឋាននីតិកម្មកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវជំរុញពង្រឹងការផ្សព្វផ្សាយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ឱ្យបានយល់ដឹងពីហានិភ័យដែលបង្កឡើងដោយថ្នាំកសិកម្ម។
៤៖ ក្នុងករណីមានបទល្មើសនាំចូលថ្នាំកសិកម្មខុសច្បាប់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តត្រូវរួមសហកម្មការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម ចុះទប់ស្កាត់បង្ក្រាបឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជៀសវាង ការបង្កផលប៉ះពាល់ដល់ការងារបងកបង្កើនផលរបស់ប្រជាកសិករនារដូវវស្សាខាងនេះ។
ក្រសួងបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះហើយ គ្រប់អង្គភាពពាក់ព័ន្ធ ក្រោមឱវាទ ក្រសួងកសិកម្ម មន្ទីរ រាជធានីខេត្ត ក្រុមហ៊ុន ដេប៉ូ ផ្គត់ផ្គង់ ចែកចាយ ថ្នាំកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តិ ឲ្យមានប្រសិទ្ធភាព៕
Source: Kampuchea Thmey Daily
0 Comments