Ad Code

ម៉ូតូ​កង់​បី​ បាញ់​លាង​សម្អាត​ផ្លូវ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ បាន​ចេញ​មក​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ទាន់ពេល



ភ្នំពេញ​ ៖​ ម៉ូតូ​កង់​បី​បាញ់​លាង​សម្អាត​ផ្លូវ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ បាន​ចេញ​មក​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​មួយ​កន្លែង ក្នុង​សង្កាត់​ស្រះចក នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ​ ដោយ​ជោគជ័យ។

បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ទាន់ពេលវេលា​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន លើ​ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ចំណុច​ការដ្ឋាន​មួយកន្លែង ក្បាលដី​លេខ​៦ ផ្លូវ​លេខ​៦៥ ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ថ្ងៃ​អង្គារ ១៤​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៥៥​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​រថយន្ត​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ ចុះ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល​វេលា ដោយ​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល របួស ឬ​មាន​ស្លាប់​បាត់​បង់ជីវិត​ឡើយ ប៉ុន្តែ​អគ្គិភ័យ​ខាងលើ បាន​បណ្តាល​អោយ​ខូចខាត​សម្ភារៈ​សំណង់​មួយ​ចំនួនធំ។

ករណី​នេះ​ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ឆេះ​បង្គោល​ភ្លើង និង​បន្ត​ឆេះ​រាលដាល​ដល់​ក្នុង​ការដ្ឋាន​សំណង់​តែម្តង។ អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង ១៨​និង​២០​នាទី​ នា​ថ្ងៃ​ដដែល ដោយបាន​ប្រើប្រាស់​ម៉ូតូ​កង់​បី​បាញ់​លាង​សម្អាត​ផ្លូវ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ អស់​ចំនួន ០៣​គ្រឿង និង​រថយន្ត​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ អស់​ចំនួន ០៣​ឡាន ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu