Ad Code

លោក ស៊ុន ចាន់ថុល ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ការសាងសង់​ផ្លូវ លេខ​៥៨



​ភ្នំពេញ ៖ កាលពី​ថ្ងៃ​អង្គារ ១៤​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អមដោយ​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ស្ថានភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ដែល​កំពុង សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​ពី​ក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​។​

ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន ១៧៤,៤៧៨​គីឡូម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ សាងសង់ឡើង​ក្រោម​ប្រាក់កម្ចី សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល កម្ពុជា​សរុប​ប្រមាណ​ជាង ១២២​លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​ប្រភេទ​ផ្លូវ DBST គិត​ចាប់ពី​ផ្លូវបំបែក​ផ្លុ​ង ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតដល់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ផ្សារ កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

គម្រោង​ផ្លូវ​នេះ​បាន​ចាប់ដំណើរការ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ គ្រោង​នឹង បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដែល​រហូតមក​ដល់ពេលនេះ​ក្រុមហ៊ុន​សាងសង់ សម្រេច​ជិត ១០០​ភាគរយ​ហើយ​។​

ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ពិនិត្យឃើញ​មាន​បញ្ហា​បច្ចេកទេស​មួយ ចំនួន​ទាក់ទង​នឹង​ការសាងសង់ ហើយ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ទទួលខុសត្រូវ​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ មានគុណ​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ជាងនេះទៅទៀត ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ មន្ត្រី​បច្ចេកទេស​សាងសង់​របស់​ក្រសួង ត្រូវ​ដើរ​ពិនិត្យ​មើលផ្លូវ មិនត្រូវ​ជិះឡាន​មើល ផ្លូវ​ទេ​។

ផ្លូវ​នេះ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង សមាហរណកម្ម​ផ្ទៃក្នុង ក៏ដូចជា​ការសម្រួល​ដ​ល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​និង​ឆាប់រហ័ស និង​រួមចំណែក ដល់​ការ​ប្រែក្លាយ​តំបន់​សក្ដានុពល​ផ្នែក​កសិកម្ម ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា ថៃ ដែល​អា​ចត​ភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល ជាពិសេស​ជាងនេះទៀត ផ្លូវ​នេះ​ជួយ​ធ្វើឱ្យ​ប្រសើរ ឡើងដល់​ការតភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេសជិតខាង​ជួយ​ដល់ ការ​សម្របសម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​ព្រំដែន ការវិនិយោគ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍ និង​កសិកម្ម​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu