ភ្នំពេញ ៖ មេខ្លោងជួញដូរថ្នាំញៀនដ៏ធំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌមានជ័យ ចុះទៅចាប់ខ្លួន នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាងជាថ្នាំញៀនជាច្រើនទៀតផង។
តាមប្រភពពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនានេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី លីនឡេង និងមានការអនុញ្ញាតពីលោក អ៊ុំ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានលេខ១៣ផ្លូវលេខ៣BTភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់បានម្ចាស់ផ្ទះឈ្មោះណៃ ផារី ភេទស្រី អាយុ៣២ឆ្នាំ ក្នុងនោះសមត្ថកិច្ចរឹបអូសបានថ្នាំញៀន១១កញ្ចប់ថង់ធំ,សំបកថង់ប្លាស្ទិកតូចៗ និងជញ្ជីងអេឡិចត្រូនិកចំនួន១។
លោកអធិការរងបានបន្តថា ស្ត្រីរូបនេះគឺជាមុខសញ្ញាចែកចាយដ៏ធំ ហើយសមត្ថកិច្ចបានធ្វើការតាមដានជាយូរមក តែពុំដែលមានភស្តុតាងសម្រាប់ដាក់បន្ទុក ទើបតែថ្ងៃនេះមុខសញ្ញាប្រុងចែកចាយឲ្យទៅម៉ូយបន្ត ក៏ត្រូវបានចាប់ខ្លួនតែម្តង។
លោកអធិការរងបញ្ជាក់ថា សំណាងណាស់ ដែលសមត្ថកិច្ចចាប់បានមុនពេលមេខ្លោងនេះចែកចាយកុំអីមិនដឹងប៉ុន្មាននាក់ដែលរងគ្រោះព្រោះថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ៕
Source: Kampuchea Thmey Daily
0 Comments