ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបង្ក្រាបល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ ១កន្លែង ឃាត់ខ្លួនស្ត្រីម្នាក់នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ
K4A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ប៉ូលិសបានអោយដឹងថា ៖ ជនសង្ស័យជាមេឆ្នោតដែលត្រូវបានឃាត់ខ្លួនខាងលើ ឈ្មោះសឿង សុខន អាយុ២៨ឆ្នាំ ទីលំនៅចំណុចផ្ទះកើតហេតុឃាត់ខ្លួនខាងលើ។
នៅក្នុងការបង្ក្រាបនោះ ប៉ូលិសបានដកហូតនូវ ឯកសារពាក់ព័ន្ធមួយចំនួនរួមមានក្រដាស ដែលបានកត់ត្រាៗលេខឆ្នោតរួចមួយចំនួន ត្រាសម្រាប់អុកសម្គាល់ថ្ងៃខែឆ្នាំ ចំនួន១គ្រឿង, ម៉ាស៊ីនគិតលេខចំនួន២គ្រឿង , ប៊ិចចំនួន៥ដើម និងលុយខ្មែរចំនួនជាង៤០ម៉ឺនរៀល។
ប៉ូលិសបានចោទប្រកាន់ស្ត្រីជាប់ចោទខាងលើពីបទធ្វើអាជីវកម្មកត់ឆ្នោតកន្ទុយលេខ មានប្រភពដើមនៅ វៀតណាម ជាល្បែងស៊ីសងខុសច្បាប់ ដែលរដ្ឋាភិបាលបានចេញបទបញ្ជាអោយបង្ក្រាបទូទាំងប្រទេស។
ល្បែងស៊ីសងគ្រប់ប្រភេទជាអំពើល្មើសច្បាប់ក្រមព្រហ្មទណ្ឌដោយសារគេបានរកឃើញមូលហេតុជាច្រើនបានបញ្ជាក់ថា ៖ អ្នកចាញ់ល្បែងស៊ីសងភាគច្រើនលើសលប់ បានក្លាយខ្លួនជាជនល្មើស ដូចជាប្រើអំពើហិង្សាមកលើក្រុមគ្រួសារ ជាចោរលួច ចោរឆក់ ចោរប្លន់ឬជាជនឆបោកយកទ្រព្យសម្បត្តិគេជាដើម ដែលបង្កបញ្ហាអុកឡុកសង្គម ធ្វើអោយប្រជាជនភ័យខ្លាចគ្មានអារម្មណ៍សុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments