សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានសហការជាមួយក្លិបបាល់ទាត់ហ្វូតសាលទាំង១០ក្នុងពានរង្វាន់ជើងឯកលីគហ្វូតសាលឆ្នាំ២០១៨ ចុះចែករំលែកដល់សិស្សនៅតាមវិទ្យាល័យទាំង២០ក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីកីឡាករមួយក្នុងត្រៀមគោលដៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
ប្រធានផ្នែកអភិវឌ្ឍន៍ហ្វូតសាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ឃុល ភិរម្យ បានឲ្យដឹងថា សហព័ន្ធ បានបើកចុះឈ្មោះសិស្សានុសិស្សនៅតាមបណ្ដាវិទ្យាល័យទាំង២០ចូលរួមកម្មវិធីចែករំលែកបាល់ទាត់ក្នុងសាល (Clear Futsal Clinic) ដោយមានការចូលរួមពីក្រុមទាំង១០កំពុងប្រកួតប្រជែងនៅក្នុងពានរង្វាន់លីគហ្វូតសាលថ្នាក់ជាតិ ២០១៨ នៅទីលាន the Blue (ម្តុំទួលគោក) រៀងរាល់ថ្ងៃអាទិត្យ។
គិតត្រឹមពាក់កណ្ដាលសប្ដាហ៍នេះឃើញថា មានសិស្សានុសិស្សចុះឈ្មោះប្រមាណជាង៣០០នាក់ពីវិទ្យាល័យផ្សេងគ្នាគឺនៅវិទ្យាល័យសម្ដេច ជា ស៊ីម សាមគ្គី, វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និង វិទ្យាល័យ សន្ធរម៉ុក ជាដើម។ លោកថា កម្មវិធី Clear Futsal Clinic នេះធ្វើឡើងដើម្បីចែករំលែកការហ្វឹកហាត់ និង ផ្សព្វផ្សាយពីហ្វូតសាលដល់សិស្សវិទ្យាល័យ។
លោក ឃុល ភីរម្យ បន្តថា ៖ «កម្មវិធីនេះហៅថា កម្មវិធីហ្វឹកហាត់ហ្វូតសាល ដែលជាកម្មវិធីអភិវឌ្ឍន៍ហ្វូតសាលរបស់សហព័ន្ធបាល់ទាត់កម្ពុជា។ យើងបានចុះផ្សព្វផ្សាយនៅវិទ្យាល័យទាំង២០នៅរាជធានីភ្នំពេញ។ ទី១) យើងរកអ្នកគាំទ្រដល់ក្រុមទាំង១០នៅលីគហ្វូតសាលកម្ពុជា យើងឲ្យគាត់មកគាំទ្រហ្វូតសាលកម្ពុជាយើង។ ទី២) យើងនឹងស្វែងរកអ្នកមានទេពកោសល្យហ្វូតសាលបានទៅហ្វឹកហាត់ជាមួយក្លិបទាំង១០ និង អ្នកបច្ចេកទេស ហើយនឹងអាចជ្រើសរើសពួកគាត់ត្រៀមស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
តាមគម្រោងកម្មវិធី Clear Futsal Clinic នេះរៀបចំឡើងនៅរាល់ថ្ងៃអាទិត្យ គឺចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា នៅទីលាន the Blue Sport។ ចំណែកក្លិបទាំង១០នៅក្នុងលីគហ្វូតសាលមានក្រុមស.ស.យ.ក កំចាយមារ,ក្រុម B.A United,ក្រុម Home Sport FC,ក្រុមអាណាចក្របៃតង,ក្រុម Down Town Sport,ក្រុមឱម៉ាល់ ,ក្រុម Fan Sport FT,ក្រុម Panda FC ,ក្រុមឆន្ទៈកីឡា,ក្រុមយុវជន៧មករា៕
Source: Kampuchea Thmey Daily
0 Comments