Ad Code

សង្ស័យ​មានការ​ដោះលែង​រថយន្ត​ដឹកឈើ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ



បាត់ដំបង ​៖​ រថយន្ត​យី​ឌុប ប្រភេទ​ភ្លៅ​៥ មួយគ្រឿង ដែលមាន​ដឹកឈើ​ចំនួន​២​ប្រភេទ​ ត្រូវបាន​ប្រភព​ទម្លាយ​អោយ​ដឹង​ថា មានការ​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ បន្ទាប់ពី​កម្លាំង​រដ្ឋបាល​ព្រៃឈើ ជាច្រើនរូប​បាន​ឡោមព័ទ្ធ និង​ស្ទាក់​ចាប់​រថយន្ត​នេះ​នៅលើ​កំណាត់​ផ្លូវ​វាង​ក្រុង។

យោងតាម​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ទម្លាយ​អោយដឹងថា នៅ​រសៀល​ថ្ងៃទី ២៦ខែ ឧសភា ឆ្នាំ ២០១៨ នៅតាម​បណ្តោយ​ផ្លូវ​វាង​ក្រុង ខាងមុខ​ទីតាំង វិមាន​សុភមង្គល​ស្ថិតក្នុង​សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង គឺ​កម្លាំង​អង្គភាព​ជំនាញ​( មេព្រៃ ) បាន ស្ទាក់ចាប់​រថយន្ត​ប្រភេទ យី​ឌុប ភ្លៅ​៥ មួយគ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ដែលមាន​ពាក់​ស្លាក​លេខ ក្រចេះ ០៣៦៧ ដោយសារតែ​រថយន្ត​នេះ ​មាន​ដឹក​បទល្មើស។

ប្រភព​ដដែល​បាន​បង្ហើប​បន្តថា ភ្លាមៗ​នោះដែរ គេ​​សង្កេត​ឃើញថា នៅលើ​រថយន្ត​មាន​ដឹកឈើ​ចំនួន​២​ប្រភេទ និង​ពេញ​ទ្រុង​រថយន្ត​ផងដែរ គឺមាន​ឈើ ធ្នង់ និង គ្រញូង​ក្នុងទិសដៅ ចេញពី​ខេត្ត ឧ​ត្ត​រ​មានជ័យ ទៅកាន់​ទីក្រុង​ភ្នំពេញ។

នៅពេល​នោះដែរ​ក៏មាន​ការចរចារ​គ្នា​ដោយ​ជំហាន​ដំបូង​យើង​ទទួល​បាន​ពី​ប្រភព​ក្រៅផ្លូវការ​ថា ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺ​ន​ដុល្លារ ត្រូវបាន​ប្រគល់​ជា​ថ្នូរ​ក្នុង​ការដោះលែង​ទាំង​រថយន្ត​ និង​ឈើ ដោយ​តម្រូវ​អោយ​រថយន្ត​នេះ​សំងំ​លាក់ខ្លួន​នៅ​ជាយក្រុង ពី​២ ទៅ​៣​ថ្ងៃ សិន​ទើប​អាច​ចាកចេញ​បាន។

ពាក់ព័ន្ធ​ទៅនឹង​ភាគហ៊ុន​រក​ស៊ីឈើ​ទាំងនេះ ប្រភព​ក៏បាន​បង្ហើប​ថា ឈ្មួញ​ទាំងនោះ​គឺមាន​អ្នក​បាត់ដំបង និង​បន្ទាយមានជ័យ ដោយ​អ្នក​បាត់ដំបង មាន​ពី​៣ ទៅ ៤ នាក់ ដែល​ក្នុងនោះ​មួយចំនួន​ជា​ម​ន្ត្រី​ប៉ូលិស​ថែមទៀត​ផង ដែលជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ ហើយ​រហូត​មក​ទល់នឹង​ថ្ងៃនេះ ​រថយន្ត​ឈើ​អាច​ចេញ​ផុត​ពី​ទឹកដី ខេត្ត​បាត់ដំបង ហើយ។

កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០១៨ លោក ពិត ភារ​ក្ស នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាត់ដំបង បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី តាមរយៈ​ទូរស័ព្ទ​ថា លោក​ទទួល​ស្គាល់ថា​ ពិតជា​បាន​ចាប់​រថយន្ត​ដឹកឈើ​នេះ​មែន ដោយ​មិន​មាន​ការ​ដោះលែង​តាម​មជ្ឈដ្ឋាន​នានា​ដែល​បានលើកឡើង​នោះឡើយ ហើយ​នៅពេល​នេះដែរ រថយន្ត​ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​ ដោយ​កម្លាំង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន។

លុះ​ពេលដែល​អ្នកសារព័ត៌មាន​យើង បាន​ព្យាយាម​សុំចូល​ផ្តិត​យក​រូបភាព ដើម្បី​សរសេរ​ស្តីពី​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​របស់​មេព្រៃ ស្រាប់តែ លោក នាយ​ខណ្ឌ ពិត ភារ​ក្ស​បាន​ឆ្លើយ​បង្វែ​ថា រហូតមកទល់​និង​ពេលនេះ ខាង​សង្កាត់​មិនទាន់​បញ្ជូន​មកដល់​ខណ្ឌ​នៅឡើយ​ទេ។ ជុំវិញ​ការឆ្លើយ​បែបនេះ តើ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​របស់​អស់លោក​មេព្រៃ ធ្វើ​តាមបែប​សម្ងាត់​មិន​ចង់អោយ​អ្នកណា​ដឹង នាំ​តែ​ជា​ឆ្អឹង​ទទឹង ក ឬក៏​រាល់​កិច្ចប្រតិបត្តិការ ត្រូវតែ​ហ៊ាន​លាតត្រដាង ដែលជា​ស្នាដៃ​បម្រើអោយ​សង្គម ?

បើ​ការងារ​ទាំងនេះ វា​ជាការ​ងារ​របស់​ជំនាញ ដែល​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង ក៏ដូចជា​ប្រមុខ នៃ​រាជរដ្ឋាភិបាល មិនគួរ​នាំគ្នា​លាក់លៀម​បែបនេះ​នោះឡើយ ព្រោះ​រឿង​ដែលនាំអោយ​មានការ​ធ្លាយ​អាថ៌កំបាំង និង​ឈានដល់​ការបង្ក្រាប​រថយន្ត​នេះ​បើតាម​ប្រភព​ក្រៅផ្លូវការ​បាន​និយាយថា ដោយសារតែ​ភាគី​រថយន្ត​នេះ​ចង់​ស៊ី​ឡាក់​ ជំនាញ​ខេត្តបន្ទាយមានជ័យ ដោយ​មិន​ព្រម​បង់លុយ​អោយ​ ទើប​មានការ​ផ្តល់ព័ត៌មាន​អោយ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាត់ដំបង ស្ទាក់ចាប់​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu