កែប ៖ យ៉ាងហោចណាស់មនុស្សពីរនាក់ បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតទទួលរងគ្រោះយ៉ាងដំណំ ខណៈពេលជនរងគ្រោះជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តបុកចំពីមុខពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកោងក្បែរស្ថានីយប្រេងតេលា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣ កែប-កំពត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលហេតុការណ៍កើតឡើង គ្មានសាក្សីណាម្នាក់បានឃើញផ្ទាល់ភ្នែកទេ ប៉ុន្តែបើតាមស្រង់ប្រភពនៅកន្លែងគ្រោះថ្នាក់បានឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះទាំងបីនាក់ជិះម៉ូតូប្រភេទហុងដាវ៉េវមានគ្នាបីនាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ថែមទាំងជិះរេពេញដងផ្លូវ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សបោះពួយមកពីលិច ក្នុងទិសដៅបញ្ច្រាសគ្នា ហើយខណៈនោះដោយសារអ្នកបើកម៉ូតូរេចុះរេឡើងពេញផ្លូវទើបធ្វើឲ្យរថយន្តគេចទៅណាមិនរួច ក៏បុកប្រាវចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះអ្នកជិះម៉ូតូស្លាប់និងរបួសដេករដូករណែលពេញផ្លូវតែម្តង ហើយម្ចាស់រថយន្តក៏ចតរថយន្តចោលរួចដាក់មេផាយបាត់ស្រមោលតែម្តង។
ប៉ូលិសបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំងបីនាក់រួមមាន៖ ទី១-ឈ្មោះ សាយ សារុន ភេទប្រុស អាយុ ៥៣ឆ្នាំ ជាអ្នកបើកម៉ូតូ(ស្លាប់) រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទី២-ឈ្មោះ រឿន សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ អ្នករួមដំណើរ(ស្លាប់)រស់នៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប និងទី៣-ឈ្មោះ ឆឹង អឿន ភេទប្រុស អាយុ៥៤ឆ្នាំ អ្នករួមដំណើរ(របួសធ្ងន់)រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ម៉ាកវ៉េវពណ៌ខៀវ គ្មានស្លាកលេខ។
បច្ចុប្បន្នជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ ត្រូវក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានរៀងៗខ្លួន។ ដោយឡែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកែប ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕
Source: Kampuchea Thmey Daily
0 Comments