កីឡាករ អោក ចាន់សេរីវង្ស សមាជិករបស់ក្រុមស.ស.យ.ក កំចាយមារ ដែលគេដឹងថាជាម្ចាស់ស្បែកជើងមាសក្នុងពានរង្វាន់ជើងឯកហ្វូតសាលឆ្នាំ២០១៧ កន្លងទៅពេលនេះរូបគេនាំមុខក្នុងបញ្ជីអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំសប្ដាហ៍ទី១៤ នៃពានរង្វាន់លីគបាល់ទាត់ក្នុងសាលាឆ្នាំ២០១៨ (National Futsal League 2018) ក្រោមការរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីចុងសប្ដាហ៍ថ្មីៗនេះ។
កីឡាករ អោក ចាន់សេរីវង្ស ដែលជាកូនប្រុសបង្កើតរបស់លោក អោក សំណាង អគ្គលេខាធិការក្លិបព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់៦គ្រាប់ម្នាក់ឯងច្រើនជាងគេ ខណៈកីឡាករ អ៊ឹង ស្លួត របស់ក្រុម Fan Sport FT និងកីឡាករ ឡាក់ ភារម្យ របស់ក្រុមអាណាចក្របៃតង រកបាន៥គ្រាប់ម្នាក់ ហើយកីឡាករ ហុង សុបញ្ញាវឌ្ឍន៍ របស់ក្រុមស.ស.យ.ក កំចាយមារ កីឡាករ តែល ផាឌី របស់ក្រុមស.ស.យ.ក កំចាយមារ កីឡាករ គឹម សុខសាន្ត របស់ក្រុម B.A United និងកីឡាករ នូវ រ៉ូហ្សេត រកបានគ្រាប់បាល់ម្នាក់៣គ្រាប់តាមពីក្រោយ។
ពានរង្វាន់លីគហ្វូតសាលជាលើកដំបូងនៅក្នុងស្រុកនេះធ្វើឡើងពីថ្ងៃទី០៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៨ ខណៈភាគច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនឹងដណ្តើមបានជើងឯកតែម្តង។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ។
តាមគម្រោងប្រកួតសប្ដាហ៍ទី១៥ នឹងបន្តធ្វើឡើងនៅចុងសប្ដាហ៍នេះដោយនៅថ្ងៃសៅរ៍ ទី២៣ ខែមិថុនា វេលាម៉ោង២:៣០នាទីល្ងាចក្រុម Down Town Sport ជួបក្រុម Fan Sport FT ហើយនៅម៉ោង៤ល្ងាចក្រុមឱម៉ាល់ ប៉ះក្រុមអាណាចក្របៃតង និងនៅម៉ោង៥:៣០នាទីល្ងាចក្រុម B.A United ជួបក្រុម Panda FC ហើយនៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនា វិញវេលាម៉ោង៤ល្ងាចក្រុមយុវជន៧មករា ជួបក្រុមស.ស.យ.ក កំចាយមារ និងនៅម៉ោង៥:៣០នាទីល្ងាច ក្រុមឆន្ទៈកីឡា ជួបក្រុម Home Sport FC៕
Source: Kampuchea Thmey Daily
0 Comments