កំពង់ចាម ៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកតំបែរ បានអំពាវនាវសុំឲ្យក្មួយៗអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចដឹកនាំប្រទេសឆ្ពោះទៅរកការវិវឌ្ឍរីកចម្រើនថែមទៀត។
ការអំពាវនាវរបស់លោក វេង សាខុននេះ បានធ្វើឡើង កាលពី ថ្ងៃព្រហស្បតិ៍ ០៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា គ.ស ២០១៨នៅក្នុងឱកាសដែលលោក និង ថ្នាក់ដឹកនាំ អញ្ជើញចុះ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខពីបញ្ហាជីវភាព សេចក្តីសុខចម្រើន ក្មួយៗកម្មករ កម្មការិនីចំនួន ៣៧៤១នាក់ ក្នុងនោះស្ត្រីមានផ្ទះពោះ ១២១នាក់។
មានមតិសំណេះសំណាលជាមួយក្មួយៗកម្មករ កម្មការិនីនាពេលនេះ លោកវេង សាខុន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ លោក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះអាជ្ញាធរខេត្ត នាយកក្រុមហ៊ុន សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលបានសហការរៀបចំពិធីជួបជុំនាថ្ងៃ នេះសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
លោក រដ្ឋមន្ត្រី ក៏បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ យកចិត្តទុក ដាក់ពីបញ្ហាជីវភាព និងសេចក្តីសុខទុក្ខរបស់ក្មួយៗគ្រប់ ពេលវេលា ហើយក៏បានពាំនាំការសុំអភ័យទោសជំនួសសម្តេចដែលមិនបានចុះមកជួបក្មួយៗផ្ទាល់នាថ្ងៃនេះដោយមានជាប់ភារកិច្ចជាច្រើន។ សម្តេចទាំងពីរសូមជូនពរឲ្យក្មួយៗកម្មករ កម្មការិនីទាំងអស់សូមជួបតែព្រះពុទ្ធិពរទាំង ៤ប្រការ។
មានមតិបន្តលោកបាននាំមកជូនក្មួយៗនូវសារសំខាន់ៗស្តីពីដំណើរការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចដែលមានខ្លឹមសារដូចខាងក្រោម៖
១.សម្តេចបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ និងតស៊ូគ្រប់ឧបសគ្គ ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ដែលសម្តេចមិនមែនជាអ្នកបង្កើត ដោយប្រើយុទ្ធសាស្ត្រឈ្នះ ឈ្នះធ្វើឲ្យប្រទេស ជាតិទទួលបានសុខសន្តិភាពទូទាំងផ្ទៃប្រទេស។
២. សម្តេចបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយជួនប្រជាពលរដ្ឋគ្រប់ៗគ្នានូវសិទ្ធិរស់រានមានជីវិត សេរីភាព សុខសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពគ្រួសារនិងសង្គម។
៣. បានខិតខំប្រែក្លាយពីប្រទេសមានសង្គ្រាម ហើយអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញ មកជា ប្រទេសមានឧត្ដមភាព វឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាជំហានៗ ពិសេសវិស័យសេដ្ឋកិច្ចក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។
៤. សម្តេចបានដាក់ចេញគោលនយោបាយទាក់ទងការវិនិយោគវិស័យកសិកម្ម វិស័យឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សេវកម្មសាធារណៈ ការគាំពារសង្គម ការ បង្កើតការងារជូនពលរដ្ឋ ការបង្កើនចំណូល វិធានការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
៥.ទស្សនវិស័យសម្រាប់ឆ្នាំ២០៣០ គឺប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ដើម្បីសម្រេចបាននូវឆន្ទៈនេះ សម្តេចបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលបម្រើឲ្យសេចក្តីត្រូវការដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលអនាគត។
៦.សម្តេចក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាព និងទុក្ខលំបាកប្រចាំថ្ងៃ និងចំពោះមុខ លុបបំបាត់ចំណាយលើសេវាផ្លូវការ គោលនយោបាយ សុវត្ថិភាពភូមិឃុំ គោលនយោបាយធ្វើលិខិតជូន ក៣ (កើត ការ និងការមរណភាព) ដោយមិនបង់សេវា ការគាំពារស្ត្រីមានផ្ទៃពោះ។ល។
៧.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការអប់រំជាមួយ បណ្តាប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ពិសេសជាមួយប្រទេសជិតខាង និងប្រទេស មហាមិត្តចិន។
ដើម្បីរក្សាឲ្យបាននូវសមិទ្ធផលដែលយើងមាន និងឈានទៅសម្រេចបាននូវគោលនយោបាយ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល លោកបានអំពាវនាវសុំឲ្យក្មួយៗអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដាខាងមុខដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចដឹកនាំប្រទេសឆ្ពោះទៅរកការវិវឌ្ឍរីកចម្រើនផែមទៀត។ នាឱកាសនេះ លោក បានជួយឧបត្ថម្ភក្មួយៗកម្មករ កម្មការនី ៣៦២០នាក់ ម្នាក់ៗ ២ម៉ឺនរៀល ដោយឡែកស្ត្រីមានផ្ទៃពោះ ១២១នាក់ ម្នាក់ៗចំនួន ៧ម៉ឺន រៀល៕
Source: Kampuchea Thmey Daily
0 Comments