Ad Code

ចៅហ្វាយក្រុង​ចំណាយ​ថវិកា​ជាង​១៦ម៉ឺន​ដុល្លារ ដើម្បី​ស្ទូច​យក​ប្រាសាទ​កំពូល​បី​ ចេញពី​ច្រក​ទ្វារ​អន្តរជាតិ



ប៉ោយប៉ែត​ ៖​ ប្រាសាទ​កំពូល​បី​ ដែល​មាន​ទីតាំងនៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​​​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ផ្ដើម​រុះរើ​ចេញពី​ចំណុច​ចាស់​ ដោយ​គ្រោង​យក​ទៅ​ដាក់​នៅ​ចំណុច​រង្វង់​មូល​វិញ​ម្ដង​តាម​ការ​គ្រោង​ទុក។ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​នាក់ ​នាំគ្នា​សោក​ស្តាយ​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ការ​រុះរើ​ប្រាសាទ ​ដែល​ធ្លាប់តែ​ឃើញ​​​នៅ​ច្រកទ្វារ​អន្តរជាតិ​កន្លង​ទៅ​នោះ។

ចំពោះ​សកម្មភាព​កាត់​ស្ទូច​យក​ប្រាសាទ​កំពូល​បី​ចេញពី​កន្លែង​ចាស់​នោះ គឺ​កើតមាន​នៅ​វេលា​ម៉ោង​៩និង៤០នាទី​ព្រឹក ក្នុង​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨​នេះ នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ប្រឈម​ជាមួយ​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ខ្លង​ឡឹ​ក​ថៃ​ ស្ថិត​ក្នុងស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ។



គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ​ អាជ្ញាធរ​ក្រុង​និង​ខេត្ត​ បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ចំណុច​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​ក្រោម​អធិបតីភាព​លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន ដើម្បី​រៀបចំ​ដាក់​ប្រាសាទ​កំពូល​បី​នៅ​ទីនោះ​តែម្តង។

តាម​ការសង្កេត​ឃើញ​នៅ​កន្លែង​ប្រាសាទ​កំពូល​បី​ខាងលើ​នោះ​ផង​ដែរ គេ​បាន​សម្គាល់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​រួម​ទាំង​ភ្ញៀវ​ជាតិ​ និង ​អន្តរជាតិ​ផងដែរ បាន​នាំ​គ្នា​លាន់មាត់​ថា មហាជន​ជាច្រើន​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ក្រោយពី​គេ​បានឃើញ​មានកម្ម​ភាព​ស្ទូច​យក​ប្រាសាទ​កំពូល​បី​ចេញពី​កន្លែង​ចាស់​ ដែល​ធ្លាប់តែ​ពួកគេ​បាន​ចេញពី​ប្រទេស​ថៃ​មក​ឃើញ​មាន​ប្រាសាទ​កំពូល​បី​ដែល​ជា​និមិត្តរូប​ឲ្យ​ជាតិ​សាសនា​នៃ​ប្រទេស​កម្ពុជា​យើង។

ពលរដ្ឋ​បាន​បន្ត​ទៀត​ថា ចាប់ពីពេលនេះ​តទៅ​ពួកគាត់​លែង​បានឃើញ​ប្រាសាទ​កំពូល​បី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទៀតហើយ ព្រោះ​អី​កន្លងទៅ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នាក់ ​ដែល​ធ្វើដំណើរ​ចេញពី​ប្រទេស​របស់​ខ្លួន​ឆ្លងកាត់​តាម​ប្រទេស​ថៃ​ហើយ​ឆ្លងកាត់​មក​ចូល​ដី​ខ្មែរ​គេ​បានឃើញ​រូប​ប្រាសាទ​កំពូល​បី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាប្រចាំ ​ឥឡូវនេះ​គឺ​លែង​បានឃើញ​ហើយ។



លោក​សាន ​ស៊ានហូ ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ថា ថ្ងៃនេះ​គឺ​យើង​បាន​អនុវត្ត​គម្រោង​ដែល​យើង​បាន​គ្រោង​ទុកជា​យូរណាស់​មក​ហើយ​ ជាពិសេស​គឺ​យើង​ត្រូវតែ​រើ​យក​ប្រាសាទ​កំពូល​បី​នេះ​ចេញ​ដោយ​ខាន​មិន​បាន​ចាប់​ពី​ពេល​នេះ​តទៅ ហើយ​ការ​រៀបចំ​ស្ទូច​យក​ប្រាសាទ​ខាងលើ​នោះ គឺ​អាជ្ញាធរ​បាន​ចំណាយ​អស់​ថវិកា​ចំនួន ១៦​ម៉ឺន​ដុល្លារ​ឯណោះ។

លោក​អភិបាលក្រុង​រូប​នោះ​បាន​បន្ត​ទៀត​ថា យើង​ត្រូវ​គិតគូរ​រួចហើយ​ថា នឹង​ត្រូវ​ចំណាយ​ថវិកា​ជាង៤០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​រៀបចំ​កែលម្អ​ប្រាសាទ​នៅ​ចំណុច​រង្វង់​មូល​នេះ​បន្ថែម​ទៀត។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​រៀបចំ​ប្រាសាទ​កំពូល​បី​នៅ​រង្វង់​មូល​នេះ គឺ​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៩ ខាងមុខនេះ​ជា​ស្ថាពរ​តែម្ដង ​រឿង​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​ក្នុង​ការ​រើ​ប្រាសាទ​ចេញ​នេះ គឺ​បណ្ដាលមកពី​ខាង​អាជ្ញាធរ​ជាប់រវល់​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្សែ​នៅក្នុង​សង្កាត់​និមិត្ត ក្រោយពេល​បាន​ធូរ​ដៃ​ខ្លះ​ហើយ ​លោក​ក៏​ដាក់​វិធាន​ការ​ឲ្យ​ស្ទូច​យក​ប្រាសាទ​ក្នុងថ្ងៃនេះ​ចេញ​តែម្តង៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu