Ad Code

ភ្លៀង​មូសុង​ បង្ក​ឲ្យ​មានការ​បាក់​ដី​ និង​ទឹកជំនន់​ភ្លាមៗ​នៅ​ភាគ​ខាងត្បូង​ប្រទេស​មី​យ៉ាន់​ម៉ា



ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​បណ្តាល​ឲ្យ​មានការ​បាក់​ដី​នៅ​វត្ត​ព្រះពុទ្ធសាសនា​ដ៏​ល្បីល្បាញ​មួយ​ ដោយ​ធ្វើ​ឲ្យ​លិច​ផ្ទះសម្បែង​ ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ​ខណៈ​ដែល​ភ្លៀង​មូសុង​បាន​វាយប្រហារ​ប្រទេស​នេះ​។​

យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត Global New Light of Myanmar កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ផ្នែក​ជាច្រើន​នៃ​រដ្ឋ Mon ភាគខាងត្បូង​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈមមុខ​នឹង​ទឹកជំនន់​ភ្លាមៗ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ចុង​សប្តាហ៍​មក​ដោយ​មិន​មានការ​ធូរស្បើយ​ឡើយ​។​

ទឹកភ្លៀង​បាន​បណ្តាល​ឲ្យ​មានការ​បាក់​ដី​ដែល​បានធ្វើ​ឲ្យ​ខូចខាត​ដល់​កំពូល​វត្ត Kyeik Than Lan ដែលមាន​ចេតិយ​មាស​នៅ​ទីក្រុង Mawlamyine​។​

អ្នកភូមិ​ម្នាក់​ឈ្មោះ Bo Win ដែល​បាន​ជួយ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​នេះ​បាន​ប្រាប់ AFP ថា មនុស្ស​ប្រមាណ​១​ពាន់​នាក់​បាន​ជ្រកកោន​នៅ​កន្លែង​ខ្លះ​ជុំវិញ​ទីក្រុង​Mawlamyine​។​

អ្នកស្រុក​ម្នាក់ទៀត​ឈ្មោះ Nyan Soe បាន​និយាយថា “​នេះ​គឺជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅក្នុង​រដ្ឋ​នេះ​ដែល​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​”​។​

កាសែត New Light បាន​រាយការណ៍​ថា ពលរដ្ឋ​ប្រហែល​១៥០​នាក់​នៅ​ចុង​ភាគខាងត្បូង​នៃ​ទីក្រុង Mawlamyine ត្រូវបាន​គេ​ជម្លៀស​ទៅ​សាលា​រដ្ឋ​មួយ​បន្ទាប់ពី​ផ្ទះ​និង​ស្ពាន​ជាច្រើន​ត្រូវបាន​លិច​ខណៈដែល​វត្ត​អារាម​មួយ​ត្រូវបាន​បំផ្លាញ​នៅតាម​ដង​ទន្លេ​ពី​ទីក្រុង​។​

រហូតមកដល់​ពេលនេះ មិនមាន​របាយការណ៍​អំពី​អ្នកស្លាប់​និង​របួស​នៅក្នុង​រដ្ឋ​នោះទេ​ប៉ុន្តែ​ភ្លៀង​បាន​បន្ត​បក់បោក​យ៉ាងខ្លាំង​នៅ​ទូទាំងប្រទេស​។​

កាលពី​សប្ដាហ៍​មុន មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​បន្ទាប់ពី​ភ្លៀង​មូសុង​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​នៅ Mogok ដែលជា​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ល្បីល្បាញ​ដោយសារ​ត្បូង​ទទឹម​របស់ខ្លួន​។​

គួរ​បញ្ជាក់ថា មនុស្ស​ប្រមាណ​១៣៨,០០០​នាក់​បាន​ស្លាប់​នៅពេល​ព្យុះ​ស៊ីក្លូន Nargis វាយប្រហារ​ឆ្នេរសមុទ្រ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu