ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទថា ប៉ូលិសវៀតណាមបានចាប់ខ្លួនមនុស្ស៨នាក់បន្ថែមទៀត បន្ទាប់ពីការតវ៉ាកាលពីសប្តាហ៍មុន លើច្បាប់ ដែលស្នើឡើងមួយស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដែលបាតុករមានការភ័យខ្លាចថា នឹងធ្លាក់លើដៃអ្នកវិនិយោគទុនចិន។
កាសែតរដ្ឋ Tuoi Tre បានរាយការណ៍ថា បុរសមកពីខេត្ត Binh Thuan ភាគខាងត្បូងត្រូវបានគេចោទប្រកាន់ពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ប្រឆាំងក្រុមមន្ត្រីនិងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ។
ការតវ៉ាប្រឆាំងនឹងច្បាប់នេះបានកើតឡើងនៅទូទាំងប្រទេសដោយរួមទាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងនៃទីក្រុងហូជីមិញផងដែរដែលនៅទីនោះមានមនុស្ស៧នាក់ត្រូវបានចាប់ខ្លួនដោយសារតែការចោទប្រកាន់រំខានសន្តិសុខនិងប្រឆាំងមន្ត្រី។
ក្រុមអ្នកតវ៉ាមានការភ័យខ្លាចថា តំបន់សេដ្ឋកិច្ចពិសេសដែលស្នើឡើងទាំងបីដែលដីអាចជួលបានរហូតដល់៩៩ឆ្នាំគឺនឹងត្រូវគ្របដណ្ដប់ដោយវិនិយោគិនមកពីប្រទេសចិន។
សមាជិកសភាបានផ្អាកការអនុម័តច្បាប់នេះរហូតដល់សម័យប្រជុំលើកក្រោយនៅក្នុងខែតុលាដើម្បីអនុញ្ញាតឲ្យមានការស្រាវជ្រាវបន្ថែមទៀត។
ថ្លែងទៅកាន់អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតរបស់គាត់ក្នុងទីក្រុងហាណូយកាលពីថ្ងៃអាទិត្យ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាននិយាយថា ធាតុផ្សុំនៃច្បាប់នេះបានធ្វើឲ្យខូចដល់សេចក្ដីពិតអំពីច្បាប់នេះនិងរំលោភលើការស្នេហាជាតិរបស់ប្រជាពលរដ្ឋដែលជាហេតុជំរុញឲ្យមានការតវ៉ា។
លោកបាននិយាយថា ការជួលដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះនឹងត្រូវឆ្លងកាត់នីតិវិធីតឹងរឹងហើយបានច្រានចោលការចោទប្រកាន់ដែលថាប្រទេសនេះនឹងត្រូវបាត់បង់ទៅឲ្យចិន។
ប្រជាជនវៀតណាមជាទូទៅមិនមានការទុកចិត្តលើប្រទេសចិនទេ។
វៀតណាមគឺជាអ្នករិះគន់យ៉ាងខ្លាំងបំផុតចំពោះការសាងសង់និងការបង្កើនយោធាលើកោះសិប្បនិម្មិតនៅប្រជុំកោះ Spratly ក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង៕ AP
Source: Kampuchea Thmey Daily
0 Comments