Ad Code

ក្រុមហ៊ុន​ចិន ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា



ភ្នំពេញ ​៖​ នៅ​ក្នុង​ជំនួប​ជាមួយ​ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក គ័ង ជាន​កាង (Gong Jiangang) នាយក​ចាត់ចែង​ក្រុមហ៊ុន China Railway 19th Bureau Group របស់​ចិន កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​បានបង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​គមនាគមន៍ ជាពិសេស​ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន​។​

​នៅក្នុង​ឱកាស​នោះ លោក គ័ង ជាន​កាង បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី អំពី​សាវតារ​ក្រុមហ៊ុន China Railway 19th Bureau Group ដែលមាន​ឯកទេស​ផ្នែក​វិស័យ​វិស្វកម្ម និង​សំណង់​ខ្នាត​ធំ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ប្រតិបត្តិ​ការសាងសង់​ផ្លូវដែក និង​សំណង់​ធារាសាស្ត្រ នៅតាម​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​អាស៊ាន​។ លោក គ័ង ជាន​កាង បាន​បន្តទៀតថា កម្ពុជា​គឺជា​ទីផ្សារ​សំខាន់​មួយ ហើយ​លោក​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​សាងសង់​ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។​

​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន China Railway 19th Bureau Group និង​បាន​ជម្រាបជូន លោក គ័ង ជាន​កាង អំពី​ស្ថានភាព​វិស័យ​គមនាគមន៍​នៅ​កម្ពុជា និង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន ក្នុងនោះ​ក៏មាន​ផ្លូវដែក និង​ផ្លូវ​ល្បឿន​លឿន​ផងដែរ ហើយ​នេះ​គឺជា​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន ក្នុងការ​ហក់​ចូល​ទីផ្សារ​កម្ពុជា​។​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​លោក គ័ង ជាន​កាង បញ្ជូន​ក្រុមការងារ ដើម្បី​ធ្វើការ​សិក្សា​អំពី​ស្ថានភាព​ផ្លូវដែក និង​ផ្លូវថ្នល់​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​បានច្បាស់លាស់ ដើម្បី​ចងក្រង​របាយការណ៍ និង​ដាក់សំណើ​វិនិយោគ​ជា​ផ្លូវ​ការជូន​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រសួងពាណិជ្ជកម្ម នឹង​រង់ចាំ​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​គ្រប់ពេលវេលា។

សូម​បញ្ជាក់​ថា នៅក្នុង​ប្រទេស​កម្ពុជា វិស័យ​គមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ជាតិ សម្រាប់​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​។ តាមរយៈ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល បណ្ដាញ​គមនាមន៍​ជាច្រើន កំពុង​ត្រូវ​បាន​ស្ថាបនា ជួសជុល និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​ផង​ដែរ​។ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ រាជរដ្ឋាភិបាល​ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ផ្លូវដែក​ដែល​ត​ភ្ជាប់​ពី​ក្រុង​សិរីសោភ័ណ​នៃ​ខេត្តបន្ទាយមានជ័យ ទៅកាន់​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ ព្រមទាំង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu