ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះមានមន្ត្រីគយ តុលាការ ប៉ូលិស និងប៉េអឹម បាននាំគ្នាមកត្រួតពិនិត្យមើលរថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង និងបានស្ទូចដឹកយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដោយរកឃើញថា ជារថយន្តគេចពន្ធ បន្ទាប់ពីមានគេដឹងថា រថយន្តនេះ ចតទុកចោលជាច្រើនថ្ងៃនៅក្នុងបុរីស្តាឡៃយ៍ប៉េង ហួត ដែលមានទីតាំងនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ភិនភាគរថយន្តនេះ ម៉ាកតូយ៉ូតា ឡង់គ្រីស័រ (Toyota, Land cruicer) ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S 5652 ដែលសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជាស្លាកលេខក្លែងក្លាយ ព្រោះតាមការស្រាវជ្រាវបឋម រថយន្តនេះមិនទាន់បានបង់ពន្ធចូលរដ្ឋនៅឡើយទេ។
បន្ទាប់ពី បានត្រួតពិនិត្យដោយមានសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋានចូលរួមរួចមក ខាងមន្ត្រីគយបានសិក្សារួចរាល់ ក៏សម្រេចស្ទូចដឹកយករថយន្តនេះទៅរក្សាទុកនៅនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស របស់គយ មានទីតាំងនៅឯម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានការអនុញាតពីខាងមន្ត្រីតុលាការរាជធានី៕
Source: Kampuchea Thmey Daily
0 Comments