ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ដែលជាការប្រកួតសម្រាប់សប្តាហ៍ទី៤ លើកទី២ អ្នកប្រដាល់ខ្មែរធន់ មករា ក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ពួកគេទាំងពីរនាក់ រកបាន៣ពិន្ទុ ដូចគ្នា។
ធន់ មករា គេមិនបានចំណាយកម្លាំងនោះទេ ដោយសារដៃគូប្រកួតរបស់គេគឺPhach Yaksou បានបោះបង់ចោលការប្រកួត ដោយសារមានជម្ងឺគ្រុនផ្តាសាយធំ ពុំអាចធ្វើការប្រកួតបាន ។ដូច្នេះ ហើយ ធន់ មករា គេត្រូវឈ្នះដោយស្វ័យប្រវត្តិ បាន៣ពិន្ទុ ឯPhach Yaksou ត្រូវបាន០ពិន្ទុ ។
ជាមួយនឹងជ័យជំនះនេះ បានធ្វើអោយធន់ មករា ទទួលបាន៤ពិន្ទុក្នុងដៃ ក្នុងការប្រកួត២លើក ដែលប្រកួតជម្រុះលើកទី១ គេវាយចាញ់ ថៃដោយពិន្ទុ បាន១ពិន្ទុ និងលើកទី២នេះ គេឈ្នះថៃដោយស្វ័យប្រវត្តិ បាន៣ពិន្ទុបន្ថែមទៀត។
ទោះជាមិនបានប្រកួតក្នុងជម្រុះខ្សែក្រវាត់ក៏ដោយ ក៏ធន់ មករា ត្រូវអ្នកផ្គូផ្គងផ្គូអោយ ប្រកួត ជាលក្ខណៈមិត្តភាពជាមួយថៃផ្សេងទៀត គឺKlay Thong ដែលក្នុងការជួបប្រកួតគ្នានេះ ធន់ មករា បានវាយ Klay Thong អោយសន្លប់ក្នុងទឹកទី៣ ។ Klay Thong សន្លប់ដោយត្រូវកែងរបស់ធន់ មករា វាយចំសៀតផ្កាដល់ទៅពីរកែង ក្នុងទឹកទី២ម្តងនិងទឹកទី៣ម្តង។
ចំពោះ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងវិញ គេបានវាយឈ្នះអ្នក ប្រដាល់ថៃ Theap Kao ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញ ក្នុងការប្រកួតជម្រុះខ្សែក្រវាត់ជើងឯកខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម វគ្គសន្សំពិន្ទុលើកទី២នេះដែរ។
ឈុត សេរីវ៉ាន់ថង ជាមួយនឹងជ័យជម្នះនេះ គេទទួលបាន៦ពិន្ទុហើយ ក្នុងការប្រកួតជម្រុះពីរលើកនេះ ដែលលើកទី១គេផ្តួលថៃអោយសន្លប់ក្នុងទឹកទី១ ហើយលើកទី២នេះ បានយកឈ្នះ ថៃដោយពិន្ទុ៕
សូត្រ ប៊ុនធី ផ្តួលថៃ ទឹក៣ ខណៈ តូច ទូ ផ្តួលរុស្សីទឹក១
អ្នកប្រដាល់ជើងចាស់របស់កម្ពុជា សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក បានផ្តួលអ្នកប្រដាល់ថៃ Chom Det នៅក្នុងទឹកទី៣ នៅក្នុងការជួបគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ថៃ នៅលើសង្វៀន Ganzberg Top Fighter នៅ SEATV យប់ថ្ងៃទី២៣មិថុនា២០១៨។
សូត្រ ប៊ុនធី បានផ្តួលChom Det អោយសន្លប់ដោយស្នៀតកែងរបស់គេ ដែលមុននឹងសន្លប់នោះ Chom Detត្រូវប៊ុនធីវាយកែងត្រូវឲ្យអាជ្ញាកណ្តាលរាប់៨តាំងពីក្នុងទឹកទី២ម្តង និងរាប់៨ក្នុងទឹកទី៣ពីរដងទៀត ទើបអាជ្ញាកណ្តាលបញ្ឈប់លែងក្រោយពេលដួលជាលើកទី៣នោះ។
Chom Det ជាអ្នកប្រដាល់ចំណូលថ្មី មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក។ មកលើកទី១នេះ ជួបសូត្រ ប៊ុនធី ដែលជាអ្នកលេងកែង ធ្វើអោយគេចាញ់ដោយមិនអស់ចិត្តហើយ។
ចំពោះ តូច ទូ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្តួលអ្នកប្រដាល់រុស្សី Arthur Shushinsky អោយសន្លប់ក្នុងទឹកទី១។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម ។Arthur Shushinsky សន្លប់ដោយការទាត់របស់តូច ទូ ចំចុងឆ្អឹងជំនីខាងស្តាំ ធ្វើអោយអ្នកប្រដាល់រុស្សីរូបនេះ ដួលលែងក្រោកតែម្តង។
លិញ ភារម្យ ឈ្នះប្រាក់លានក្រោយវាយឈ្នះ វៀតប៊ុនឌឿន
រីឯ ការប្រកួតរវាង វៀត ប៊ុនឌឿន អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ដែលមានប្រវត្តិប្រកួត៧៥លើក ឈ្នះ៦១លើក ចាញ់១២លើក និងស្មើ០២លើក ជាមួយ លិញ ភារម្យ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរ ដែលមានប្រវត្តិប្រកួត៤៤លើក ឈ្នះ៣២លើក ឈ្នះ១០លើក និងស្មើ០២លើក ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីវាយដណ្តើមប្រាក់លានវិញ ជាលទ្ធផលក្រោយបញ្ចប់ការប្រកួត៥ទឹកនោះ គឺជ័យជម្នះបានទៅលើលិញ ភារម្យ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
លិញ ភារម្យ វាយ វៀតប៊ុនឌឿន ត្រូវមុខពីរដៃធ្វើឲ្យប៊ុនឌឿន វង្វេងទិស តែក្រោយពីអាជ្ញាកណ្តាលរាប់ដល់៨ ប៊ុនឌឿន គេបន្តការប្រកួតទៀតបានរហូតដល់ចប់ទឹកទី៥ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
ជាមួយនឹងជ័យជម្នះនេះ លិញ ភារម្យ គេបានទទួលរង្វាន់១០លានរៀល ស្មើនឹង២.៥០០ដុល្លារដុល្លារអាមេរិក ហើយវៀត ប៊ុនឌឿន ដែលចាញ់ទទួលបានប្រាក់ចំនួន២លានរៀល ស្មើនឹង៥០០ដុល្លារអាមេរិក៕
សុខ សាវិន,នន់ជំនិត,សេនកុសល ឈ្នះថៃទាំងបីនាក់ដូចគ្នា
សុខ សាវិន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបអេលីតគុនខ្មែរ នន់ ជំនិត ក្លិបស្វាយរលំឫទ្ធីជ័យនិងសេន កុសល ក្លិបមោងឫស្សីមរតកគុនខ្មែរ បានវាយឈ្នះថៃដូចគ្នា ក្នុងការជួបប្រកួតគ្នាកាលពី ព្រឹកថ្ងៃទី ២៤ មិថុនា២០១៨ នៅលើសង្វៀនBoostrong Fighter On Fire របស់SEA-TV ។
សាវិន គេប្រើពេលមិនដល់មួយទឹកទេ ផ្តួលអ្នកប្រដាល់ថៃឈ្មោះ Pin Ngen ដែលជាអ្នកប្រដាល់ថៃចំណូលថ្មី ឲ្យសន្លប់ក្នុងទឹកទី១ ដោយត្រូវមួយជើងចំកញ្ចឹងក ដួលដេកលើរេញលែងក្រោកតែម្តង ។
ចំណែក នន់ ជំនិតវិញ គេបានផ្តួលអ្នកប្រដាល់អាល់បានីGen Ci អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៥ ។ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ។ Gen Ci ត្រូវជំនិត វាយកែងបែកឈាមច្រើនពេក ដែលធ្វើអោយរំខានដល់ការប្រកួត ហើយនៅពេលដួលលើកចុងក្រោយនោះ គេក៏បោះបង់ការប្រកួតតែម្តង។
ចំពោះ សេន កុសល អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរមកពីខេត្តបាត់ដំបង បានចំណាយពេលជិត២ទឹកប៉ុណ្ណោះ ផ្តួលអ្នកប្រដាល់ថៃឈ្មោះSing Phonsai អោយបោះបង់ចោលការប្រកួតក្នុងទឹកទី២ ។ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៥៧គ.ក្រ ។
អ្នកប្រដាល់ថៃរូបនេះ ជាអ្នកប្រដាល់ចំណូលថ្មីដែរ ។ Sing Phonsai មានកម្ពស់ទាបជាងសេនកុសល គឺ១,៦៧ម៉ែត្រ ខណៈដែលកុសល គេមានកម្ពស់១,៧០ម៉ែត្រ ដែលធ្វើអោយគេពិបាកទប់ជាមួយសេន កុសល។
ជាលើកទី១ហើយ ដែលសេន កុសល ប្រកួតជាមួយបរទេស ហើយបានផ្តួលអោយបោះបង់ចោលការប្រកួតមុនទឹកទី៥ទៀត ។ សេន កុសលជាអ្នកប្រដាល់ដែលមានកាយសម្បទាល្អរឹងមាំ និង មានស្នៀតប្រដាល់ល្អ ដោយប៉ិនប្រសប់ក្នុងការប្រើជង្គង់ កែង ហើយកណ្តាប់ដៃលឿន រហ័ស និងខ្លាំង៕
វេង សុភ័ក្រ ឈ្នះ Pha Yaklek , ទេស ជីវ៉ា ចាញ់ Loom Leng
អ្នកប្រដាល់ជើងខ្លាំងកម្ពុជាពីររូប ដែលជួបប្រកួតជាមួយអ្នកប្រដាល់ថៃ លើសង្វៀ នWurkzនៅSEATV នារសៀលថ្ងៃទី២៤មិថុនា២០១៨នោះ ម្នាក់ឈ្នះ ម្នាក់ចាញ់ ។ ក្នុងនោះ វេង សុភ័ក្រ អ្នកប្រដាល់កងពលតូចទ័ពឆ័ត្រយោង៩១១ គេបានផ្តួល Pha Yaklek អ្នកប្រដាល់ថៃ អោយសន្លប់ក្នុងទឹកទី៤។ពួកគេទាំងពីរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
Pha Yaklek ជាជើងខ្លាំងនៅស្រុកថៃ ។ គេក៏ធ្លាប់មកប្រកួតនៅភ្នំពេញច្រើនលើកដែរហើយ ក្រៅពីជួបវេង សុភ័ក្រ ។ ក្នុងនោះ គេធ្លាប់វាយឈ្នះអ្នកប្រដាល់ខ្មែរយើងចំនួន០៥លើក និងចាញ់៣លើក តែពេលនេះបន្ថែមសិ្ថតិចាញ់មួយលើកទៀតហើយ ។ ខណៈដែលវេង សុភ័ក្រ ជើងខ្លាំងរបស់កម្ពុជាវិញ គេបន្ថែមស្ថិតិឈ្នះមួយលើកទៀត ក្នុងចំណោមការជួបប្រកួតជាមួយថៃ១៩លើកនេះគឺវាយឈ្នះ១១លើក ចាញ់ ០៥លើក និងស្មើ០៣លើក។
ចំពោះ ទេស ជីវ៉ា អ្នកប្រដាល់ក្លិបទីបញ្ជាការកងពលតូចលេខ៧០ គេវាយចាញ់ អ្នកប្រដាល់ថៃLoom Leng ដោយពិន្ទុប្រផុតប្រផើយ គឺចាញ់២ទល់៣ ពោលគឺក្នុងចំណោមចៅក្រម៥រូប មាន២រូបអោយគេឈ្នះ ហើយ៣រូបទៀតឲ្យថៃឈ្នះ ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាមដែរ។
Loom Leng គេជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០០ ហើយក៏ជាអ្នកប្រដាល់ជើងចាស់ ធ្លាប់មកប្រកួតនៅកម្ពុជា ប្រមាណ១១លើកហើយកន្លងមក ។ អ្នកប្រដាល់ជើងខ្លាំងរបស់ថៃរូបនេះ ដែលមិនងាយមាននរណាវាយឈ្នះគេទេ។
ចំណែកការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ កុយ ចាន់តូ អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ ប្រកួតចាញ់ លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធ មកពីខេត្តបន្ទាយមានជ័យ ដោយពិន្ទុ ក្នុងការជួបគ្នាទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments