នី សុភី អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានវាយឈ្នះអ្នកប្រដាល់ថៃSuper Chhai ដោយពិន្ទុនៅក្នុងជំនួបលើកទី៥របស់គេ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
អ្នកប្រដាល់ទាំងពីរនាក់នេះ ជួបគ្នាក្នុងទម្ងន់៧០គីឡូក្រាម ។ នី សុភី ជួបSuper Chhai ៤លើកកន្លងមក គឺវាយចាញ់ដោយពិន្ទុបីលើក និងឈ្នះ១លើក តែលើកទី៥នេះនី សុភី បានយកឈ្នះSuper Chhaiបានម្តងទៀតគម្រប់ពីរលើក។
នី សុភី មានប្រៀបឈ្នះលើអ្នកប្រដាល់ថៃSuper Chhai សឹងតែគ្រប់ទឹក ក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ។ សុភី គេសម្រុកចូលវាយទៅលើSuper Chhaiមុនជានិច្ច ដែលធ្វើឲ្យគេមានប្រៀបឈ្នះនោះ ។
សូមបញ្ជាក់ថា Super Chhai ជាអ្នកប្រដាល់ដែលមកប្រកួតនៅស្រុកខ្មែរច្រើនលើកជាងគេ គឺចំនួន១៣ ដោយវាយឈ្នះ៨ លើក ស្មើ១លើក និងចាញ់៣លើក ។ Super Chhai មានប្រវត្តិប្រកួត១២១លើក ឈ្នះ១០៤លើក ចាញ់១៥លើក និងស្មើ០២លើក ។ ឯ នី សុភី គេមានប្រវត្តិប្រកួតចំនួន១៤០លើក ឈ្នះ១០៤លើក ចាញ់២១លើក ស្មើ០៤លើក ។
ចំណែក អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានវាយឈ្នះអ្នកប្រដាល់ថៃ Khongfar Petchindaដោយពិន្ទុ ក្រោយពីវាយគ្នា៥ទឹកពេញនោះ។ពីរនាក់នេះប្រកួតគ្នាក្នុងទម្ងន់៥៧ គ.ក្រ ។
អ៊ូច ធារិទ្ធ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់ ។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃម្តង និងឡាវ៦ដងហើយ ។លើកនេះជាលើកទី៧ ដែលគេជួបប្រកួតជាមួយថៃនោះ ។ កាលពីជួបប្រកួតជាមួយថៃ ថ្ងៃទី២៧ឧសភា២០១៨ អ៊ូច ធារិទ្ធគេក៏បានផ្តួលថៃKirk Kark អោយសន្លប់ក្នុងទឹកទី៤ដែរ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឡូញ វ៉ាន់ឌីអ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ប្រកួតចាញ់អ្នកប្រដាល់ ឯម សុធី ក្លិបថ្មគោលពោធិសែនជ័យ ដោយពិន្ទុ ។ ពីរនាក់នេះ ប្រកួតគ្នាប្រាំទឹកពេញតែម្តង៕
សុខ សុវណ្ណជាម្ចាស់ពានរង្វាន់បាយ័នទម្ងន់៦៣,៥០០គ.ក្រ
សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២បានក្លាយជាម្ចាស់នៃពានរង្វាន់ប្រាក់លានរបស់ទូរទស្សន៍បាយ័ន ក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម បន្ទាប់ពីគេបានវាយឈ្នះស៊ឹម វណ្ណារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣មិថុនា២០១៨ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ជើងខ្លាំងទម្ងន់៦៣,៥០០គីឡូក្រាម៤រូប បានជួបប្រជែងគ្នាដណ្តើមពានរង្វាន់ប្រាក់លានបាយ័នទម្ងន់៦៣,៥០០គ.ក្រនេះ ។ ជើងខ្លាំងទាំង៤រូបនោះ គឺសុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ , ស៊ូ វណ្ណះ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ, ហួន សុខនីម អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធតាដំបងដែក និង ស៊ឹម វណ្ណដេត អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ ។ ពួកគេទាំង៤ ត្រូវប្រកួតគ្នាតាមរូបមន្តម៉ារ៉ាតុង គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត រហូតរកឃើញអ្នកជាប់លេខ១ជាម្ចាស់ពានរង្វាន់។
នៅក្នុងការប្រកួតជម្រុះលើកដំបូងនោះ សុខ សុវណ្ណ បានយកឈ្នះស៊ូ វណ្ណះ ដោយពិន្ទុ ឯស៊ឹម វណ្ណដេត គេវាយឈ្នះហួន សុខនីម ដោយពិន្ទុដែរដែលធ្វើអោយគេ(ហួន សុខនីម)មកជួបសុខ សុវណ្ណនៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
នេះជាលើកទី២ហើយ ដែលសុខ សុវណ្ណ បានឈ្នះពានរង្វាន់ប្រាក់លានបាយ័នទម្ងន់៦៣,៥០០គីឡូក្រាមនេះ ដែលលើកទី១សុវណ្ណ បានកាលពីពាក់កណ្តាលខែមីនាកន្លងមក។
ក្រៅពីគូដណ្តើមពានរង្វាន់នេះ វុត្ថា ណាវី អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ បានប្រកួតឈ្នះវ៉ន វ៉ុន អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយពិន្ទុ។ពួកគេទាំងពីរ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ចំណែករិទ្ធ ផៃឡុក ក្លិបអាណាចក្រគុនខ្មែរ គេប្រកួតចាញ់ចែម ចឺម ក្លិបរាជសីហ៍ខេត្តរតនគិរី ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments