Ad Code

កែប្រែ​បទ​ចោទ​បុរស​ខ្មែរ​អ៊ី​ស្លាម​ម្នាក់ ​ដាក់​ពន្ធនាគារ​១៨​ខែ ​រឿង​បើករថយន្ត​បំបុក​នគរបាល



ភ្នំពេញ ៖ លោក​រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ២៦​មិថុនា ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​សម្រេច​កែប្រែ​បទ​ចោទ​លើ​បុរស​ខ្មែរ​អ៊ី​ស្លាម​ម្នាក់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ មក​ជា​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​វិញ។

សាលក្រម​កែប្រែ​បទចោទប្រកាន់​នេះ ចៅក្រម​បាន​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​២​ឆ្នាំ តែ​ទោស​នេះ​អនុវត្ត​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​ត្រឹម​១៨​ខែ ទោស​សល់​ពី​នេះ​ត្រូវ​ព្យួរ បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

ជនជាប់ចោទ​ឈ្មោះ សា សារី ហៅ​សារី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ីស្លាម ស្នាក់​នៅផ្ទះ​លេខ​៤៣៧ ផ្លូវលំ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ក្នុងករណី​នេះ​ឈ្មោះ ហ៊ុល ចន្ទ​រាសី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​នគរបាល បម្រើការ​នៅ អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សី​កែវ និង មាន​ទីលំនៅ​ផ្ទះ​លេខ​៣៤F ផ្លូវ​២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

កាលពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ជនជាប់ចោទ​ឈ្មោះ សា សារី ហៅ​សារី បាន​បើករថយន្ត​របស់គាត់ ម៉ាក Lexus RX300 ពណ៌​ស ពាក់​ស្លាក​លេខ 2AL-1530 បំ​បុក​ជនរងគ្រោះ​ឈ្មោះ ហ៊ុល ចន្ទ​រាសី ខណៈ​ពេល​ដែល ជនរងគ្រោះ កំពុងតែ​ចុះ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅខាងមុខ​រោងចក្រ​ញូ​កាញ់ ស្ថិតនៅ ក្រុម​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ បណ្តាល​ឲ្យ​ជនរងគ្រោះ​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ជួយ សង្គ្រោះ​អាយុជីវិត។

មុន​ពេល​កើតហេតុ​ គឺ​មាន​កង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​មួយក្រុម​បានដាក់​ប៉ុ​ស្តិ៍​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ពេលនោះ​ឈ្មោះ​សា សារី បាន​បើករថយន្ត​លុច​ស៊ី​ស​មកដល់​ចំណុច​ប៉ុ​ស្តិ៍​ត្រួតពិនិត្យ​ ក៏​ត្រូវ​កង​នគរបាល​ឃាត់​ឲ្យ​ឈប់ ​ព្រោះ​គាត់​ស្រវឹងស្រា​យ៉ាង​ខ្លាំង ប៉ុន្តែ​សា សារី មិន​ឈប់​រថយន្ត​ទេ បែរ​ជា​បង្កើន​ល្បឿន​រថយន្ត​បំ​បុក​ប៉ា​រ៉ា​ស់​និង​បុក​មន្ត្រីនគរបាល​ឈ្មោះ ហ៊ុល ចន្ទ​រាសី បណ្ដាល​ឲ្យ​រង​របួស​ស្ទើរ​ស្លាប់​ ស្ទើរ​រស់។

ក្រោយមក​ជនដៃដល់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​តុលាការ​បាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​បទ​ប្រឆាំង​អ្នករាជការ​អនុវត្ត​ការងារ​សាធារណៈ ហើយក៏​ត្រូវ​ឃុំខ្លួន រហូតដល់​មានការ​កាត់ទោស​ ស្រាប់តែ​លោក​ចៅក្រម​រស់ ពិសិដ្ឋ បាន​កែប្រែ​បទ​ចោទ​ទាំងអស់​មកជា​បទហិង្សា​វិ​ញ ហើយ​សម្រេចសេចក្ដី​ព្យួរទោស​ ដើម្បី​សម្រាលទោស​ឲ្យ​ជនជាប់ចោទ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu