ក្រុមបាល់ទាត់ចំណូលថ្មីវិសាខា បានសម្រេចបញ្ចប់កិច្ចសន្យា ជាមួយកីឡាករ ៣នាក់មុនជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 មកដល់ ខណៈក្លិបមួយនេះមានកីឡាករសំខាន់ៗមួយចំនួនចូលរួមបន្ថែមជំនួសកៅអីរួចរាល់ផងដែរ ដើម្បីបន្តប្រជែងកៅអីកំពូលតារាង។
យោងតាមប្រភពជិតស្និទ្ធនឹងក្លិបវិសាខា បានបង្ហើបឲ្យដឹងថាកីឡាករជើងចាស់ទាំង៣ដែលក្លិបសម្រេចបញ្ចប់កិច្ចសន្យាមានកីឡាករជើងចាស់ នុត ស៊ីនួន ជាខ្សែប្រយុទ្ធ កីឡាករ ពៅ ភារិទ្ធ ជាខ្សែបម្រើ និងកីឡាករ អ៊ីវ វិមាន ជាខ្សែការពារ។ យ៉ាងណាក្តីក្លិបមិនទាន់ប្រកាសនៅលើទំព័រហ្វេសប៊ុកជាផ្លូវការនៅឡើយនោះទេ។ ទោះបីជាមានកីឡាករចាកចេញក្តីក៏ក្លិបវិសាខា បានចុះកិច្ចសន្យានាំយកកីឡាករល្បីឈ្មោះមួយចំនួនកាលពីប៉ុន្មានសប្ដាហ៍មុន ក្នុងនោះមាន កែវ សុខផេង ជាខ្សែប្រយុទ្ធទើបផុតកិច្ចសន្យាមកពីម៉ាឡេស៊ី និងកីឡាករ សុខ សុវណ្ណ ខ្សែការពារមកពីក្លិបបឹងកេត ផងដែរ។
ក្រុមវិសាខា បានបង្កើតឡើងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដម ស សុខា តំណាងរាស្ដ្រខេត្តព្រៃវែង និងជាអនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា។ បច្ចុប្បន្នក្លឹបមានកីឡាករជិត៣០នាក់ ដែលមានលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក។
ក្រុមវិសាខា បានកសាងកីឡដ្ឋានថ្មីផ្ទាល់ខ្លួន មានទីតាំងនៅតាមផ្លូវលេខ៥៩៨ ខាងឆ្វេងដៃខ្លោងទ្វារ Grand Phnom Penh។ កីឡដ្ឋាននេះអាចផ្ទុកទស្សនិកជនប្រមាណជាង៥០០០នាក់ ដែលមានទីលានជាស្មៅធម្មជាតិ។
ក្រុមនេះជាបេក្ខភាពមួយមិនអាចមើលរំលងបានក្នុងការប្រជែងយកជើងឯកនៅឆ្នាំចាស់នេះ ខណៈឆ្លងកាត់១១ប្រកួតមកនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា វិសាខា ឈរលេខ៣ក្នុងតារាងរួមដែលមាន១២ក្រុមក្រោយប្រកួតឈ្នះ៧ លើកស្មើគ្នា២លើក និងចាញ់២លើក មាន២៣ពិន្ទុក្នុងដៃ។ សម្រាប់ប្រកួតបន្ទាប់ក្រុមវិសាខា ត្រូវប៉ះក្រុមអគ្គីសនីកម្ពុជា នៅម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា នៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments