ភ្នំពេញ ៖ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនបរទេសនៅចំណុចផ្លូវ១៣០កែងផ្លូវ១៣ ក្បែរផ្សារកណ្តាល បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទីយប់ ត្រង់ចំណុចផ្លូវ៦៧ កែងផ្លូវ១៣៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
ការបង្ក្រាបជនសង្ស័យឈ្មោះ តន់ រដ្ឋា ធ្វើឡើងបន្ទាប់ពីអាវុធហត្ថខណ្ឌដូនពេញបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះជាជនបរទេសឈ្មោះ MATHI LDE SPERRY ថា មានបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់យកកាបូបរបស់ខ្លួនបានសម្រេចមក។
រយៈពេលប្រហែល១ម៉ោង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក៏បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនសង្ស័យខាងលើ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត និងដកហូតយកបានកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ។
តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានចូលមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀនចំនួន០៥ដងរួចមកហើយ។ ក្រោយពេលចេញពីមណ្ឌលកែប្រែ រូបគេបានប្រកបរបរជាជាងកាត់សក់ តែយូរៗម្តងរូបគេតែងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនាពេលរាត្រី។
ជនសង្ស័យតន់ រដ្ឋា បន្តថា កន្លងមករូបគេឆក់បានចំនួន០៥លើក គឺឆក់ពីប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ទើបតែលើកចុងក្រោយនេះ ពេលរូបគេចេញពីហូបអាហារ នៅជិតវត្តបុទុមវត្តី ក៏ឃើញជនបរទេស០២នាក់ដើរ មានស្ពាយកាបូបផងនោះ ទើបរូបគេជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយនោះ ជិះគេចខ្លួនតែម្តង ស្រាប់តែមិននឹកស្មានថា រូបគេគេចខ្លួនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ស្រាវជ្រាវចាប់ខ្លួនរូបគេបានតែម្តងហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments