Ad Code

រដ្ឋបាល​រាជធានី ​ភ្នំពេញ​នឹង​ដាក់​ប្រព័ន្ធ​QR code​លើ​ទូរស័ព្ទ​ដៃ​smartphone​នាពេល​ដ៏​ខ្លី​ខាងមុខ​ដើម្បី​សម្រួល​ដល់​ការបង់ថ្លៃ​សេវា​ជិះ​រថយន្តក្រុង



ភ្នំពេញ ​៖​ ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹងដាក់​ឲ្យ​ដំណើរការ ការទូទាត់​ប្រាក់​តាមរយៈ​QR Code ជាមួយ​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត​លើ​រថយន្តក្រុង​របស់​រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​តាមរយៈ​កិច្ចប្រជុំ​ជាមួយ​តំណាង​ធនាគារ​អេស៊ីលីដា កាលពី​រសៀល​ថ្ងៃទី​៣១​ឧសភា លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ធ្វើ​ការងារ​ដាក់​ប្រព័ន្ធ​ទូទាត់​ប្រាក់​បែប​ទំនើប​(QR Code)​តាមរយៈ​ទូរ​ស័ព្ទដៃ​នេះ ត្រូវធ្វើ​ឲ្យ​បាន​លឿន​ដើម្បី​សម្រួល​ដល់​ការទូទាត់​ប្រាក់​សម្រាប់​សេវា​ជិះ​រថយន្ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក​អ៊ា​ន​សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ឲ្យ​ដឹង​ដែរ​ថា គោលបំណង​សំខាន់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ ការធ្វើ​កិច្ចសហការ​ជាមួយ​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត​ដោយ​ដាក់​ប្រព័ន្ធ​QR code​លើ​ទូរស័ព្ទ​ដៃ​smartphone​ដើម្បី​សម្រួល​ដល់​ការ​បង់ថ្លៃ​សេវា​ជិះ​រថយន្តក្រុង​ដល់​ប្រជាពលរដ្ឋ​យើង​ឲ្យ​កាន់តែ​ងាយស្រួល។

លោក​អ៊ា​ន សុ​ឃីម បន្តទៀត​ថា សព្វថ្ងៃនេះ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ប្រើប្រាស់​ជម្រើស​២​រួចហើយ​ក្នុងការ​បង់ថ្លៃ​សេវា​រថយន្តក្រុង​នេះ​គឺ​ទី​១ ទិញ​សំបុត្រ​បង់​ជា​សាច់​ប្រាក់សុទ្ធ​,​ទី​២ បង់​តាមរយៈ​ម៉ាស៊ីន​ទូទាត់​អេឡិចត្រូនិក​NFD​របស់​ក្រុមហ៊ុន​Wing ហើយ​នៅពេលនេះ​យើង​នឹងដាក់​ឲ្យ​ដំណើរការ​ការបង់ថ្លៃ​សេវា​តាមរយៈ​QR Code​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ឆាប់ៗ​នេះ។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ រដ្ឋាករ​ស្វ​យ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បានដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​ចំនួន​១៥៥​គ្រឿង រត់​លើ​តម្រាយ​ផ្លូវ​ចំនួន​៨​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ងាក​មក​ចាប់​អារ​ម្ម​ណ៍​ជិះឡាន​ក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កើន​ឡើងជា​លំដាប់​ដែលមាន​ពី​២​ម៉ឺន​ទៅ​២១០០០​នាក់​ក្នុង​១​ថ្ងៃ​ ​ហើយ​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​បន្ថែម​រថយន្ត​ឲ្យ​បាន​ច្រើន​ថែមទៀត​នឹង​ឲ្យ​បាន​ច្រើន​ផ្លូវ​ក្នុង​ទីក្រុង​។

លោក​អ៊ា​ន សុ​ឃីម បញ្ជាក់ថា ក្រោម​ជំនួយឥតសំណង រាជ​រដ្ឋាភិ​បាលជ​ប៉ុន​នឹង​ផ្តល់ជំនួយ​រថយន្តក្រុង​ថ្មី​ចំនួន​៨០​គ្រឿង​ដល់​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ​ក្នុងនោះ​ក្នុង​ខែមិថុនា​នេះ​នឹង​មកដល់​ចំនួន​២០​គ្រឿង​,​ខែកញ្ញា​មកដល់​៣០​គ្រឿង និង​ខែធ្នូ​មកដល់​៣០​គ្រឿង​ទៀត​។​

ក្រោម​ការគិតគូ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បងប្អូន​កម្មករ​កម្ម​កា​រិនី​,កីឡាករ​កីឡា​ការិនី​អាជីព​,​ព្រះ សង្ឃ​,​សិស្ស​និស្សិត​,​ជនពិការ លោកគ្រូ​អ្នកគ្រូ គឺ​ទទួល​បាន​ការ​អនុគ្រោះ​ជិះ​រថយន្តក្រុង​របស់​រដ្ឋាករ​​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ដោយ​មិន​បង់ប្រាក់​រយៈពេល​២​ឆ្នាំ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu