Ad Code

អភិបាល​រាជធានី​ជួបពិភាក្សា ការងារ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​សូត្រ​សមុទ្រ​ ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​វិនិយោគ



ភ្នំពេញ ​៖​ លោក​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៣១​ឧសភា បានទទួល​ជួប​សំណេះសំណាល​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​យ៉ាន ឈី​វ​ហួយ អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ផ្លូវ​សូត្រ​សមុទ្រ​ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កាត់ដេរ ការសាងសង់​សណ្ឋាគារ ការនាំចេញ​.​នាំចូល​ផ្នែក​វិស័យ​កសិកម្ម​ជាដើម។

ក្នុង​ឱកាស​នោះ ​លោក​ឃួ​ង ស្រេង បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ស្ថានភាព​ជាក់ស្តែង ក៏ដូចជា​ការវិវឌ្ឍ​​​រីក​ចម្រើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត។ ពេលនេះ​កម្ពុជា ​ទទួលបាន​សុខសន្តិភាព​ដ៏​ពេញលេញ​ពេញ​ផ្ទៃ​ប្រទេស​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​​​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ស្ថាបនិក​សន្តិភាព ​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទេសចរ​​ និង​អ្នកវិនិយោគ​មកពី​គ្រប់​តំបន់ ក្នុងនោះ​វិនិយោគិន​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១​ក្នុងការ​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ ហើយ​រាជធានី​ភ្នំពេញ​ស្វា​គមន៍​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​រួមទាំង​ការជួយ​សម្របសម្រួល ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគ​ផងដែរ​។​

សូមបញ្ជាក់ថា គម្រោង​ផ្លូវ​សូត្រ​មាស​ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង គឺជា​ការអភិវឌ្ឍ​​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក​,​ផ្លូវ​ទឹកជា​ខ្សែបណ្តាញ​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ចាប់ពី​ប្រទេស​ចិន​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី​,​អ៊ឺរ៉ុប និង​អាហ្វ្រិក​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu