ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា រថយន្ដក្រុងជាច្រើនគ្រឿងបានទៅដល់ភូមិដែលស្មោះត្រង់នឹងរដ្ឋាភិបាលស៊ីរីចំនួនពីរ ដែលស្ថិតនៅក្រោមការឡោមព័ទ្ធពីក្រុមបះបោរនៅភាគពាយ័ព្យ។ នេះគឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដើម្បីជម្លៀសប្រជាពលរដ្ឋចេញនៅថ្ងៃពុធ។
មេបញ្ជាការម្នាក់នៃសម្ព័ន្ធភាពក្នុងតំបន់ដែលគាំទ្រលោកប្រធានាធិបតី Bashar al-Assad បានប្រាប់រ៉យទ័រថា មនុស្សប្រហែល៦,០០០នាក់នឹងចាកចេញពីភូមិដែលមាននិកាយស៊ីអ៊ីតភាគច្រើនគឺ al-Foua និង Kefraya។
ប្រភពនានាបាននិយាយកាលពីថ្ងៃអង្គារថា ពួកឧទ្ទាមនិងកងកម្លាំងដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានយល់ព្រមចុះកិច្ចព្រមព្រៀងជម្លៀសប្រជាជនក្នុងភូមិចំនួនពីរដែលមាននិកាយស៊ីអ៊ីតភាគច្រើនជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំរាប់រយនាក់នៅក្នុងពន្ធនាគាររបស់រដ្ឋ។
ប្រភពក្រុមប្រឆាំងបាននិយាយថា មន្ត្រីមកពីក្រុម Hayat Tahrir al-Sham ដែលជាក្រុមចម្រុះដឹកនាំដោយអតីតក្រុមអាល់កៃដារបស់ស៊ីរីនិងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចរចាកិច្ចព្រមព្រៀងនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា “រថយន្តក្រុងនិងរថយន្តសង្គ្រោះបានចូលទៅក្នុងភូមិ al-Foua និង Kefraya ដើម្បីនាំយកអ្នកដែលត្រូវបានឡោមព័ទ្ធចេញ”។
កាលពីខែមេសាឆ្នាំមុន ប្រជាជនរាប់ពាន់នាក់នៅក្នុងភូមិទាំងពីរនេះត្រូវបានគេនាំចេញទៅកាន់ដែនដីរបស់រដ្ឋាភិបាលក្នុងកិច្ចព្រមព្រៀងដោះដូរមួយ។
ជាការដោះដូរ ប្រជាពលរដ្ឋរាប់រយនាក់បានចាកចេញពីទីប្រជុំជនទាំងពីរនៅតាមព្រំដែនជាប់ប្រទេសលីបង់ដែលនៅពេលនោះគឺស្ថិតក្នុងដៃពួកឧទ្ទាមនិកាយស៊ុននីហើយត្រូវបានឡោមព័ទ្ធដោយកងកម្លាំងគាំទ្ររដ្ឋាភិបាល។ ពួកគេត្រូវបានជម្លៀសទៅទឹកដីរបស់ក្រុមបះបោរនៅភាគខាងជើងប្រទេសស៊ីរី៕
Source: Kampuchea Thmey Daily
0 Comments