ភ្នំពេញ ៖ លោក ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ ដំណើរការឃោសនារបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន ដោយគណបក្សនយោបាយទាំងអស់មានភាពចាស់ទុំខាងនយោបាយ ការហែក្បួនមានសណ្ដាប់ធ្នាប់ល្អ ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ប៉ុន្តែក៏មានពាក្យបណ្ដឹងចំនួន៧ផងដែរ ដែលភាគច្រើនជារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
លោក ហ៊ែល សារ៉ាត់ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ លើកថ្លែងថា ដំណើរការនៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗរយៈពេល១០ថ្ងៃ ដោយគិតពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ គណបក្សនយោបាយនីមួយៗបានធ្វើសកម្មភាពឃោសនាតាមរូបភាពដូចជា ការហែក្បួនព្យុហយាត្រា ដោយយានជំនិះគ្រប់ប្រភេទ នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ,ការជួបជុំនៅទីសាធារណៈ និងតាមផ្ទះសកម្មជន, ការចាក់មេក្រូនៅទីសាធារណៈ និងចាក់មេក្រូចល័តតាមដងផ្លូវ និងតាមផ្ទះប្រជាពលរដ្ឋ, ការចែកចាយខិត្តប័ណ្ណ, ការចែកសម្ភារៈឃោសនាដូចជា អាវ និងមួកជាដើម, ការបិទផ្សាយបដា ពាក្យស្លោក កម្មវិធីនយោបាយ និងរូបភាពឃោសនាផ្សេងៗ, ការណែនាំប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត, ការបញ្ចាំងភាពយន្ត សំដែងសិល្បប្រគំតន្ត្រី និងចាក់ធុងបាសជាដើម។
តាមលោក ហ៊ែល សារ៉ាត់ ក្រៅពីការធ្វើសកម្មភាពឃោសនាតាមទីសាធារណៈ នៅក្នុងដំណើរការឃោសនានេះ គ.ជ.ប បានរៀបចំចាក់ផ្សាយកម្មវិធីកម្មវិធីស្មើភាព ឬហៅថា កម្មវិធីតុមូល ដែល គ.ជ.ប បានអញ្ជើញវាគ្មិនជាតំណាងមកពីគណបក្សនយោបាយនីមួយៗចូលរួមពិភាក្សា ឬឆ្លើយសំណួរ ទៅតាមប្រធានបទពាក់ព័ន្ធ និងកម្មវិធីនយោបាយរបស់គណបក្សនីមួយ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ ក្រៅពីកម្មវិធីខាងលើរួចក៏បានធ្វើការចាក់ផ្សាយស្ប៉តវីដេអូ ពាក់ព័ន្ធនឹងការឃោសនា ដែលផលិតដោយសាមីគណបក្ស តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផងដែរ ហើយ គ.ជ.ប ក៏បានធ្វើការបោះពុម្ពផ្សាយអត្ថបទឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សលើព្រឹត្តិបត្រគោលនយោបាយ ដើម្បីចែកចាយទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ែល សារ៉ាត់ បញ្ជាក់ថា រយៈពេល១០ថ្ងៃ នៃការឃោសនារបស់គណបក្សនយោបាយ គណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងចំនួន៧ បណ្ដឹង ក្នុងនោះបណ្តឹងរបស់អាជ្ញាធរចំនួន២បណ្ដឹង បណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន៥បណ្ដឹង ហើយក្នុងចំណោមពាក្យបណ្ដឹងទាំងនោះ បានផ្សះផ្សាសះជាចំនួន៤បណ្ដឹង, ផ្សះផ្សាមិនសះជាចំនួន១បណ្ដឹង, ដើមបណ្ដឹងសុំដកពាក្យបណ្ដឹងចំនួន១បណ្ដឹង និងកំពុងដោះស្រាយចំនួន១បណ្ដឹង។ ចំពោះពាក្យបណ្ដឹងផ្សះផ្សាមិនសះជាចំនួន១បណ្ដឹង បានបញ្ជូនបន្តទៅគណៈកម្មការបោះឆ្នោតខេត្ត។ ដោយឡែក នៅ គ.ជ.ប ពុំទាន់ទទួលបានពាក្យបណ្ដឹងនៅឡើយទេ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ហ៊ែល សារ៉ាត់ អះអាងថា រយៈពេល១០ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន ដោយគណបក្សនយោបាយទាំងអស់មានភាពចាស់ទុំខាងនយោបាយ មានសណ្ដាប់ធ្នាប់ល្អ នេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងបានបង្កើតឡើងនូវបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា ហើយនេះក៏ដោយសារគណបក្សនយោបាយទាំងអស់បានចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការឃោសនាបោះឆ្នោត និងប្រកបដោយក្រមសីលធម៌ខ្ពស់។ ភាពវិជ្ជមាននេះ ក៏ដោយសារមានការចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរដែនដី កងកម្លាំងសន្តិសុខ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំសណ្ដាប់ធ្នាប់សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ បញ្ជៀសបាននូវបាតុភាពអសកម្មទាំងឡាយ ដែលអាចកើតមានជាយថាហេតុ។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយការឃោសនារកសំឡេងឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ជាមួយគ្នានេះ ការបោះពុម្ពសន្លឹកឆ្នោត ក៏ត្រូវបានបញ្ចប់ផងដែរ និងបានដឹកចេញពីរោងពុម្ព ទៅរក្សាទុកនៅក្នុងឃ្លាំងរបស់ គ.ជ.ប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ហើយនឹងដឹកបន្តទៅកាន់ការិយាល័យបោះឆ្នោតទាំង២២៩៦៧ ការិយាល័យ ទូទាំងប្រទេស មិនឲ្យលើស៣៦ម៉ោងមុនថ្ងៃបោះឆ្នោត។
ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន២០ បានចូលរួម គឺគណបក្ស “គណបក្សខ្មែររួបរួមជាតិ” លេខរៀងទី១, គណបក្ស “គណបក្សមាតុភូមិយើង” លេខរៀងទី២, គណបក្ស “គណបក្សពន្លឺថ្មី” លេខរៀងទី៣, គណបក្ស “សញ្ជាតិកម្ពុជា” លេខរៀងទី៤, គណបក្ស “ខ្មែរក្រោក” លេខរៀងទី៥, គណបក្ស “សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ” លេខរៀងទី៦, គណបក្ស “ប្រជាធិបតេយ្យមូលដ្ឋាន” លេខរៀងទី៧, គណបក្ស “ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ” លេខរៀងទី៨, គណបក្ស “រស្មីខេមរា” លេខរៀងទី៩, គណបក្ស “សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ” លេខរៀងទី១០, គណបក្ស “ខ្មែរសាធារណរដ្ឋ” លេខរៀងទី១១, គណបក្ស “ខ្មែរឈប់ក្រ” លេខរៀងទី១២, គណបក្ស “ហ្វ៊ុនស៊ិនប៉ិច” លេខរៀងទី១៣, គណបក្ស “ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច” លេខរៀងទី១៤, គណបក្ស “យុវជនកម្ពុជា” លេខរៀងទី១៥, គណបក្ស “ធម្មាធិបតេយ្យ” លេខរៀងទី១៦, គណបក្ស “ឆន្ទៈខ្មែរ” លេខរៀងទី១៧, គណបក្ស “ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា” លេខរៀងទី១៨, គណបក្ស “ខ្មែរតែមួយ” លេខរៀងទី១៩ និងគណបក្ស “ប្រជាជនកម្ពុជា” លេខរៀងទី២០៕
Source: Kampuchea Thmey Daily
0 Comments