Ad Code

សប្ដាហ៍​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពាន​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ លើក​ទៅធ្វើ​នៅ​ដើមខែ​ក្រោយ



​ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ (National Futsal League 2018) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​លើក​ប្រកួត​ចុងក្រោយ​ប្រចាំ​វគ្គ​សន្សំ​ពិន្ទុ​ដែលជា​សប្ដាហ៍​ទី​១៨ ទៅធ្វើ​ឡើង​នៅ​ដើមខែ​សីហា ខាងមុខ ខណៈ​ក្រុម​ដែលមាន​ឈ្មោះ​ឡើងទៅ​វគ្គ​ក្រុម​ខ្លាំង​ទាំង​៤ (Top4) គណៈកម្មការ​បាន​រក​ឃើញ​រួចរាល់​ហើយ​។

ប្រកួត​ចុងក្រោយ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ក្រុម Fan Sport FT ជួប​ក្រុម​ឱ​ម៉ា​ល់ នៅ​ម៉ោង​៤​ល្ងាច និង​ក្រុម​ឆន្ទៈ​កីឡា ប៉ះ​ក្រុម Panda FC នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​។ នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែសីហា ឆ្នាំ​២០១៨​ក្រុម Down Town Sport FC ប៉ះ​ក្រុម B.A United នៅ​ម៉ោង​៤​ល្ងាច​និង​នៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច​ក្រុម Home Sport FC ជួប​ក្រុមយុវជន​៧​មករា​។

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្រោយ​ប្រកួត​បាន​១៧​លើក​ម្នាក់​មក​ឃើញថា​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Home Sport FC​ឈរ​លេខ​២ មាន​៣៧​ពិន្ទុ ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​៣ មាន​៣៦​ពិន្ទុ ក្រុម​លេខ​៤ ឱ​ម៉ា​ល់ មាន​៣៣​ពិន្ទុ​។ ក្រុម​លេខ​៥ Fan Sport FC មាន​២៣​ពិន្ទុ ហើយ​ក្រុម​លេខ​៦ អាណាចក្រ​បៃតង មាន​២២​ពិន្ទុ​។ លេខ​៧ ឆន្ទៈ​កីឡា មាន​១៥​ពិន្ទុ ហើយ​លេខ​៨ ក្រុម Panda FC និង​ក្រុម​លេខ​៩ យុវជន​៧​មករា មាន​មាន​១៤​ពិន្ទុ​ដូចគ្នា តែ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ និង​ក្រុម​B.A United លេខ​១០ មាន​៥​ពិន្ទុ​។

ទោះបីជា​ពេលនេះ​គណៈកម្មការ​ប្រកួត​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) ក៏​ពិតមែន​ប៉ុន្តែ​នៅ​មិនទាន់​អាច​ចាប់​គូប្រកួត​នៅឡើយ​នោះ​ទេ ដោយ​រង់ចាំ​ការប្រកួត​រហូតដល់​សប្ដាហ៍​ទី​១៨ រួចរាល់​សិន​។ តាម​ការបែងចែក​គឺ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ តម្រូវឱ្យ​ក្រុម​លេខ​២​ប៉ះ​ក្រុម​លេខ​៣ និង​ក្រុម​លេខ​១​ប៉ះ​ក្រុម​លេខ​៤ ដើម្បី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រជែង​យក​ជើងឯក​ប្រចាំ​រដូវ​កាល​ផងដែរ​។ វគ្គ​ខ្វែង​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ និង​វគ្គ​ចំណាត់ថ្នាក់​លេខ​៣​និង​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៨​។

ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើងទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់ពានរង្វាន់១​ មេដាយ​មាស​ម្នាក់​១ និងប្រាក់រង្វាន់២០លាន​រៀល​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu