ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានស្នើឲ្យអាជ្ញាធរ និងថៅកែរោងចក្រនៅកូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅប្រទេសកូរ៉េបន្ថែមទៀត។
ការស្នើបែបនេះរបស់លោកឯកអគ្គរាជទូតកម្ពុជា បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលលោក និងក្រុមការងារទីប្រឹក្សាការងារទទួលបន្ទុកពលករ សហការជាមួយមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ចុះទស្សនកិច្ច និងសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន១០នាក់ នៅរោងចក្រ Changdae Metal (រោងចក្រផលិតតួម៉ាស៊ីនរបស់រថយន្ដ) នាតំបន់អានសាន។
លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូត ក្នុងឱកាសនោះបានថ្លែងអំណរគុណជាអនេកដល់សាលាក្រុងអានសាន និងមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ដែលតែងតែសហការបង្កលក្ខណៈដល់ស្ថានទូតកម្ពុជាក្នុងការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងអានសាន និងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ Changdae Metal លោក ស៊ុង ក្វាងស៊ង ដែលបានស្រលាញ់ថែទាំពលករកម្ពុជាទាំង១០នាក់ ដែលកំពុងបម្រើការងារនៅរោងចក្ររបស់លោក និងស្នើដល់លោកថៅកែសូមបន្ដជ្រើសរើសពលករកម្ពុជាបន្ថែមទៀត នៅពេលដែលពង្រីករោងចក្រ ហើយសូមលើកទឹកចិត្តឲ្យមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជាដើម្បីជ្រើសរើសអតីតពលករដែលបានចប់អាណត្តិធ្វើការ ដើម្បីបន្ដជំនាញវិជ្ជាជីវៈរបស់ពួកគេ៕
Source: Kampuchea Thmey Daily
0 Comments