ខ្សែការពារឆ្វេងរបស់ក្លិបភ្នំពេញក្រោន គឺកីឡាករ សឿត បារាំង បានរងរបួសជង្គង់កាលពីពេលថ្មីៗ ដែលរបួសនេះតម្រូវឲ្យរូបគេសម្រាកព្យាបាលមួយរយៈពេលខ្លីទើបអាចចូលជួយក្រុមរបស់ខ្លួនបានវិញទាំងយុទ្ធនាការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018។
យោងតាមការបញ្ជាក់របស់សាមីខ្លួនបានលើកឡើងជុំវិញបញ្ហារបួសរបស់ខ្លួនថា «ខ្ញុំបានប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ក្រុមវិសាខា ពេលប្រកួតលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ដោយចំជង្គង់។ ដូច្នេះខ្ញុំអាចនឹងអាក់ខានមិនបានចូលលេងសម្រាប់ការប្រកួតមួយចំនួននាពេលខាងមុខ។ ខ្ញុំគិតថាមិនយូរទេខ្ញុំនឹងវិលត្រលប់មកវិញ ព្រោះខ្ញុំនឹងសម្រាកព្យាបាលខ្លួនឲ្យបានល្អ ហើយមួយទៀតនោះគឺខ្ញុំនឹងជំនះភាពឈឺចាប់ទាំងនេះ»។
បញ្ហារបួសជង្គង់នេះ បង្ខំចិត្តឱ្យលោក Sean Sainsbury គ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោន បានសម្រេចចិត្តដោះដូរកីឡាករ សឿត បារាំង ចេញតាំងពីនាទីទី១៥ ក្នុងការប្រកួតជាមួយវិសាខា នៅគ្រានោះ ជំនួសវិញដោយកីឡាករ គីម ឆាយ៉ា ដើម្បីប្រកួតតតាំងជាមួយក្រុមថ្មីកំពុងតែកើនទម្រង់លេងវិសាខា។ លទ្ធផលកាលនោះភ្នំពេញក្រោន បានប្រកួតចាញ់វិសាខា ៣ទល់១។
របួសនេះមិនអាចឱ្យកីឡាករវ័យ១៨ឆ្នាំរូបនេះជួយក្រុមភ្នំពេញក្រោន ក្នុងប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី២ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងទី២ នៅថ្ងៃពុធ សប្ដាហ៍នេះជាមួយក្រុមអគ្គីសនីកម្ពុជា បាននោះទេ។ ចំណែកជំនួបភ្នំពេញក្រោន ប៉ះក្រុមណាហ្គាវើល ក្នុងសប្ដាហ៍ទី១៥ នៃពានរង្វាន់លីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះក៏ទំនងអវត្តមានកីឡាករ សឿត បារាំង ដូចគ្នា។
កីឡាករ សឿត បារាំង គឺចេញពីយុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១១ មកម្ល៉េះហើយរូបគេត្រូវបានគ្រូបង្វឹកកោះហៅឱ្យចូលរួមក្នុងក្រុមឈុតធំនៅឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន។ ក្រៅពីប្រកបអាជីពនៅក្នុងក្លិប បារាំង ធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរគឺនៅឆ្នាំ២០១៦ ជាប់ឈ្មោះជួយក្រុម U19កម្ពុជាហើយចាប់ពីឆ្នាំ២០១៧ រូបគេជាប់ឈ្មោះក្នុងក្រុម U22 កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាឈុតធំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments