Ad Code

កាត់ទោស​មេខ្លោង​ជួញដូរ​មនុស្ស​ឆ្លងដែន ​ក្រោម​រូបភាព​រៀបការនៅ​ដី​ចិន



ភ្នំពេញ ៖ មេខ្លោង​ជួញដូរ​ស្ត្រី​ក្មេង​ឆ្លងដែន​​​ម្នាក់ ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​នា​ថ្ងៃនេះ​ ក្រោម​ការចោទប្រកាន់​ពី​បទ​ការ​នាំ​យកចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន។

​ជនជាប់ចោទ​ឈ្មោះ​ស៊ូ ចំរើន ហៅ​ស៊ូ សុភាព ហៅ​លី​លី ហៅ លីហ្សា អាយុ​៣៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៩៤​បេ ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក គឺជា​មេខ្លោង​នៅ​ស្រុក​ចិន​ដែល​បាន​រៀបការ​មាន​ប្ដី​ជនជាតិ​ចិន តែ​មក​រស់នៅ​ស្រុក​ខ្មែរ​បោកប្រាស់​នារី​ខ្មែរ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ជាច្រើនលើក​ច្រើនសា។

ជនរងគ្រោះ​នៅក្នុង​រឿងក្ដី​នេះ​ ឈ្មោះ​ស្រី ម៉ៅ អាយុ​២២​ឆ្នាំ ជា​កូន​កសិករ​ក្រីក្រ។ នៅក្នុង​សវនាការ ជនជាប់ចោទ ស៊ូ ចំរើន បាន​សារភាព​ថា ខ្លួន​បាន​ស្គាល់​ជនរងគ្រោះ​តាមរយៈ​ស្ត្រី​ម្នាក់ទៀត ហើយ​ឈ្មោះ​ស្រី ម៉ៅ ប្រាប់​ថា ​ខ្លួន​ចង់​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុក​ចិន​ក្រែង​បាន​លុយ​ច្រើន​ជួយ​គ្រួសារ។ ពេលនោះ​ខ្លួន​ក៏​យល់ព្រម​ជួយ​ស្រី ម៉ៅ ព្រោះ​ប្ដី​របស់​ខ្លួន​នៅឯ​ស្រុក​ចិន​ស្រាប់។

បន្ទាប់មក​ខ្លួន​ក៏​នាំ​ស្រី​ម៉ៅ​ ទៅ​ធ្វើ​លិខិតឆ្លងដែន​អស់​លុយ​២២០​ដុល្លារ ហើយ​ក៏បាន​នាំមក​ស្នាក់នៅ​ផ្ទះសំណាក់​រង់ចាំ​មួយ​សប្ដាហ៍​ដើម្បី​ចេញទៅ​ប្រទេស​ចិន។ លុះដល់​ថ្ងៃ​កំណត់ពេល​កំពុង​ឡើង​ជិះ​រថយន្ត​ទៅ​ប្រទេស​វៀតណាម​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។

ចំណែក​ជនរងគ្រោះ​វិញ​បាន​និយាយ​ថា ខ្លួន​ពិតជា​ចង់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ចិន​មែន ប៉ុន្តែ​ខ្លួន​ចាញ់​កល់​ល្បិច​មេខ្លោង​ដោយសារ​មិនមែន​គេ​នាំទៅរក​ការងារ​ធ្វើ​ទេ គឺ​គេ​នាំទៅ​រៀបការ​ប្ដី​ចិន​ទៅវិញ​ទើប​នាង​ប្ដឹង​តែ​ម្ដង​ទៅ។

លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា អំពើ​របស់​ជនជាប់ចោទ​ជា​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន​មាន​គោលដៅ​និង​បក្សពួក និង​ជា​អំពើ​ល្មើស​មិន​រាងចាល​ដោយសារ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ច្រើនដង​រួច​មក​ហើយ​នៅក្នុង​រឿងក្ដី​ដូចគ្នានេះ។ ដូច្នេះ​តំណាង​អយ្យការ​បាន​ស្នើ​ឲ្យ​ចៅក្រម​សម្រេច​តាមច្បាប់។

លោក​ចៅក្រម សាន សុផាត បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿងក្ដី​នេះ​ទៅ​ថ្ងៃក្រោយ។ សូម​រំលឹក​ថា ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះ​បង្ក្រាប​មេខ្យល់​១​ក្រុម ដែល​បាន​ធ្វើ​សកម្មភាព​នាំ​នារី​ខ្មែរ ចំនួន​៣០​នាក់ ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ខែឧសភា ឆ្នាំ​២០១៨ យកទៅលក់​ឲ្យ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ធ្វើជា​ប្រពន្ធ​។

ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន ក្រោម​ការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់​ស្ពឺ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨។

ក្នុង​ប្រតិបត្ដិការ ខាងលើនេះ កម្លាំង​សមត្ថកិច្ច ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​៤​នាក់ រួមមាន​៖
១ឈ្មោះ ស៊ូ សុភាព ហៅ​ស៊ូ ចំរើន ហៅ​លី​លី ហៅ​ស្រី​តា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​តួនាទី​ជា​មេខ្លោង ២​ឈ្មោះ ឃួន សា​រ៉ាវុធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នកសម្របសម្រួល ៣​ឈ្មោះ សុខ សុទ្ធា​រក្ស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នក​នាំ​ស្ដ្រី​ខ្មែរ​ទៅ​ចិន ៤​ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នក​ដឹកជញ្ជូន។

​អ្នក​ទាំង​៤​នាក់​នេះ ស្នាក់នៅ​ផ្ទះ​ជួល​លេខ ៩៤B ផ្លូវ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

តាម​ការស្រាវជ្រាវ​ជន​សង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព ឃោសនា​ជ្រើសរើស នាំ​នារី​ខ្មែរ​បាន​ចំនួន​៣០​នាក់ ចេញពី​ប្រទេស​កម្ពុជា​នាំ​ឆ្លងដែន ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ចិន ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ ដោយបាន​តម្លៃ​ក្នុង​ម្នាក់ៗ ចាប់ពី​៥,០០០ ដល់​១០,០០០​ដុល្លារ​។

សមត្ថកិច្ច​បាន​ធ្វើ​ការ​ដកហូត​ចេញ​សម្រាប់​ដឹកជញ្ជូន​ស្ដ្រី​ខ្មែរ​២​គ្រឿង (១​គ្រឿង​ម៉ាក Lexus RX330 ពណ៌​ស្ករ ស្លាក់​លេខ ភ្នំពេញ ២AS-៨០២៨ និង​១​គ្រឿង​ទៀត​ម៉ាក Lexus RX330 ពណ៌​ខ្មៅ ស្លាក់​លេខ ភ្នំពេញ ២N-៦១៨០) និង​លុយ​៩,៥០០​ដុល្លារ​អាមេរិក និង​ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង។

ចំពោះ​ឈ្មោះ​ស៊ូ ចំរើន ហៅ​ស៊ូ សុភាព នេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ចំនួន​៣​ដង​រួច​មក​ហើយ​ប៉ុន្តែ​មិនដឹង​ចៅក្រម​សើ​ប​សួរ​គាត់​សម្រេច​បែបណា​ទេ​ ឃើញ​ជន​នេះ​នៅតែ​មានមុខ​មករក​ស៊ី​ជួញដូរ​មនុស្ស​ឆ្លងដែន​ដដែលៗ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu