Ad Code

ផ្លូវជាតិ​ ៧០B ការដ្ឋាន​សម្រេច​បាន​ប្រមាណ​៣០% ហើយ អភិបាលខេត្ត​សូម​ការ​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ការដ្ឋាន​នេះ



កំពង់ចាម ​៖ ​ដើម្បីអោយ​ការដ្ឋាន​ផ្លូវជាតិ ស្ថាបនា​កំណាត់​ផ្លូវ​៧០B ទទួលបាន​ជោគជ័យ​ទៅតាម​គម្រោង ​និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៧ កក្កដា​នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការងារ​ការដ្ឋាន​នេះ ខណៈ​ដែល​ការដ្ឋាន​ទាំងមូល មកដល់ពេលនេះ សម្រេចបាន​ប្រមាណ​៣០%​ហើយ ហើយ​ក្នុងឱកាស​នោះ​លោក​អភិបាល​ខេត្ត​ក៏បាន​សូម​ការ​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ការដ្ឋាន​នេះ​ផងដែរ។

មន្ត្រីរដ្ឋបាល​ខេត្តកំពង់ចាម​បានអោយដឹងថា កំណត់​ផ្លូវជាតិ​៧០B ស្រុក​ស្រី​សន្ធរ មាន​ប្រវែង​ជាង​១៦​គីឡូម៉ែត្រ ចាប់ពី​ឃុំ​ព្រែក​រំ​ដែង ដល់​ឃុំ​ព្រែក​ពោធិ៍ នៅក្នុង​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ​​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី តាមរយៈ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។ ការដ្ឋាន​នេះ​ត្រូវបាន​លោក​អភិបាលខេត្ត​ចុះ​ធ្វើការ​ត្រួត​ពិនិត្យនៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​ជំរុញ​អោយ​ការដ្ឋាន​ស្ថាបនា​ទៅបាន​លឿន តាម​គម្រោង​និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

ក្នុងឱកាស​នៃ​ការ​ចុះពិនិត្យ​នោះ​ លោក​គួច ចំរើន ជាថ្មី​ម្តង​ទៀត លោក​សូមអោយ​បងប្អូន​អ្នក​អាស្រ័យ​ផល​លើ មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ការស្ថាបនា​ផ្លូវជាតិ​៧០B ដែល​មកដល់​រដូវវស្សា​នេះ​មានការ​លំបាក ដល់​បងប្អូន ក្មួយៗ ធ្វើដំណើរ​ទៅមក និង​ដឹក​កសិផល​នានា។

ការដ្ឋាន​ផ្លូវ​៧០B​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​ ប្រវែង​ជាង​១៦​គីឡូម៉ែត្រ ពី​ឃុំ​ព្រែក​រំ​ដែង ដល់​ឃុំ​ព្រែក​ពោធិ៍ នៅក្នុង​ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុនសែន តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្រោម​ការ​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៦​លាន​ដុល្លា​អាមេរិក​ ហើយ​នៅពេល​បច្ចុប្បន្ននេះ​ការដ្ឋាន​សម្រេចបាន​ប្រមាណ ៣០% ហើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu